ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២បានថ្លែងថា ស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ទាមទារឱ្យវិស័យឯកជន ចូលរួមឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តាមរយៈសកម្មភាពអាទិភាពសំខាន់ៗចំនួន៥។
ថ្លែងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី ១០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំនើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន។
-->

សកម្មភាពសំខាន់ៗទាំងនោះរួមមាន ទី១. ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ន ដែលមានស្រាប់។ ទី២ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍។
ទី៣ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងនិង ចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling)។
ទី៤ ការលើកកម្ពស់កិច្ចអភិវឌ្ឍន៍ ប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ ការកាត់បន្ថយគម្លាតឌីជីថល និងទី៥ ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល៕
