ការសិក្សាៈ ការទិញលក់ ជួលខុនដូបន្តធ្លាក់ចុះ ខណៈទុនវិនិយោគក្នុង វិស័យសំណង់ដាំក្បាលចុះយ៉ាងអាក្រក់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការសិក្សាដោយក្រុមហ៊ុនអន្តរជាតិ មួយបានរកឃើញថា កសកម្មភាព ទិញ លក់ ជួលខុនដូបានធ្លាក់ចុះក្នុងត្រីមាសទី៣ ស្របពេលទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះប្រមាណ៦៧ភាគរយ។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះបានបង្ហាញថា បញ្ហា​វិបត្តិ​សកល​ កំពុង​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ ​បន្ត​ជួប​បញ្ហា ទាំង​ដំណើរការ​សាងសង់ និង​សកម្មភាព​ទិញ លក់ ឬ​ជួល​។

របាយការណ៍​បង្ហាញ​ទៀតថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២២ មិនមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ​ណា បាន​បញ្ចប់​ការសាងសង់​ឡើយ ដោយ​ចំនួន​បន្ទប់​ខុនដូ​នៅ​ភ្នំពេញ​នាពេល​នេះ ​មាន​ចំនួន​ជាង ៣៦,០០០​យូនីត​។

ការសិក្សារបស់CBRE Cambodiaបានឲ្យដឹងផងដែរថា សម្រាប់​តម្លៃ​លក់​ខុនដូ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំនេះ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ គឺ​បន្ទប់​ខុនដូ​ប្រណីត​ មាន​តម្លៃ​លក់​ជា​មធ្យម២៦៣៩​ដុល្លារ ​ក្នុង១​ម៉ែត្រការ៉េ ធ្លាក់ចុះ​ប្រមាណ១,២​ ភាគរយ​។ ខុនដូ​ប្រភេទ​មធ្យម មានតម្លៃ២០៧៨ ​ដុល្លារ ធ្លាក់ចុះ០,៨ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យមានតម្លៃ១៤០៨ ​ដុល្លារ​ធ្លាក់ចុះ០,២ ​ភាគរយ​។

ដោយឡែក​សម្រាប់​តម្លៃ​ជួល គឺ​ខុនដូ​ប្រណីត មាន​តម្លៃ​ជា​មធ្យម១១ ​ដុល្លារ​ក្នុង១​ម៉ែត្រការ៉េ ​សម្រាប់​រយៈពេល​១​ខែ ធ្លាក់ចុះ០,៣​ភាគរយ ប្រភេទ​តម្លៃ​មធ្យម មានតម្លៃ៩,៥ ដុល្លារ ធ្លាក់០,៩ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ៧,៨​ដុល្លារ ធ្លាក់២,៣​ភាគរយ​។

យោងតាមទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យ​ដឹងថា នៅក្នុង​រយៈពេល៨​ខែ​ឆ្នាំ ​២០២២ ចំនួន​គម្រោង​ដែល​ទទួល​បាន​ការអនុញ្ញាត​ ឱ្យ​សាងសង់​មាន​ចំនួន២៨១១ ធ្លាក់ចុះ៩០គម្រោង និង​មាន​តម្លៃ​វិនិយោគ១៦៦២​លាន​ដុល្លារ ធ្លាក់ចុះ៥៦,៧ភាគរយ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន មាន​ចំនួន២៥២១គម្រោង (​ស្មើនឹង ៨៩,៧ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប ធ្លាក់ចុះ​៩​គម្រោង​បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here