ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហើបពីតម្លៃក្នុងការសាងសង់ផ្លូវល្បឿនលឿនទៅបាវិត ដែលគ្រោងចាយថវិកាវិនិយោគប្រហែល១៦៣៨លានដុល្លារ ខណៈការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានតម្លៃរហូតដល់២០០០លានដុល្លារ។
លោកស៊ុន ចាន់ថុលបានថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២២លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការចំណាយវិនិយោគផ្លូវល្បឿនលឿន ទៅបាវិតថោកជាង គម្រោងសាងសង់ទៅខេត្តព្រះសីហនុ ដោយសារចម្ងាយផ្លូវខ្លីជាងតែជាង១៣៨គីឡូម៉ែត្រ។
លោករដ្ឋមន្រ្តីបានបន្តថា “លើគម្រោងផ្លូវល្បឿនលឿនទៅបាវិត នឹងត្រូវសាងសង់ស្ពានដ៏ធំមួយទៀត កាត់ទន្លេរដែលទាំងផ្លូវទាំងស្ពានមានប្រវែងជាង៥គីឡូម៉ែត្រ”។
លោករដ្ឋមន្រ្តីក៏បានបង្ហា្ញញសារសំខាន់ សម្រាប់គម្រោងផ្លូវល្បឿនលឿនទៅបាវិត ជាកម្រិតផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់តាំងពីចិនមកភូមា មកថៃ កម្ពុជានិងវៀតណាម។
លោករដ្ឋមន្រ្តីរំពឹងទុកដែរថា ក្នុងដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិននៅពេលខាងមុខ នឹងឈានទៅចុះហត្ថលេខាសម្បទាន ដើម្បីបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ ហើយអាចបញ្ចប់នៅឆ្នាំ២០២៦ ឬ២០២៧៕