ដោយ: លាងហួរ
ភ្នំពេញ: នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានប្រកាសកញ្ចប់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជាកាលពីថ្ងៃពុធ ទី០៩ វិច្ឆិកាក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន១៨ស្តីពី ជំនួយ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងចូលរួមក្នុងពិធីសម្ពោធផ្លូវល្បឿនលឿន ដែលសាងសង់ដោយមានការគាំទ្រពីប្រទេសចិន។
លោក លី ខឺឈាង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី០៨ ខែវិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ។
-->

លោក លី ខឺឈាង គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំ ជាបន្តបន្ទាប់ជាមួយក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ហើយលោកក៏កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរផងដែរ។
ប្រទេសចិន គឺជាប្រភពនៃលំហូរវិនិយោគ និងម្ចាស់ជំនួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ទីក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍។

លោក លី ខឺឈាង និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១ ៨លើវិស័យនានា រាប់ចាប់ពីការសាងសង់ផ្លូវ ស្ពាន និងពាណិជ្ជកម្មកសិកម្ម រហូតដល់គម្រោងអប់រំ និងសុខភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានមានប្រសាសន៍ថា លោកលី ខឺឈាងបានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយចំនួន ២០០លានយ័ន(២៧,៦លានដុល្លារអាមេរិក) ដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ប្រទេសចិនក៏បានសន្យាថា នឹងបន្តគាំទ្រការស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា បង្កើនចំនួននិស្សិតកម្ពុជា ដើម្បីទៅសិក្សានៅប្រទេសចិន ជួយក្នុងសកម្មភាពដោះមីន និងជួយរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ផងដែរ៕
