ខេត្តជាប់តំបន់ឆ្នេរចំនួនពីរទទួលបានភ្ញៀវទេសចរសរុបជាង១លាននាក់ដើរកម្សាន្តរយៈពេល៣ថ្ងៃ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្ដើមធ្វើដំណើរកម្សាន្ត កាន់តែច្រើននៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ជាក់ស្ដែងនៅក្នុងរយៈពេល៣ថ្ងៃនេះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ខេត្តនៃតំបន់សមុទ្រចំនួនពីរ គឺខេត្តព្រះសីហនុ និងខេត្តកំពត ទទួលបានភ្ញៀវសរុបជាង១លាននាក់ទៅហើយ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត៦០ម៉ឺននាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ដែលធ្វើឱ្យអាជីវកម្មបម្រើក្នុងវិស័យទេសចរណ៍មានសកម្មភាពកម្រើកឡើងវិញ ។

មន្ទីរទេសចរណ៍ខេត្តកំពតឱ្យដឹងថា កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត បានកើនឡើងខ្ពស់បែបនេះ ដោយសារតែឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបានរៀបចំនូវពិធីប្រណាំងទូក ទើបធ្វើឱ្យភ្ញៀវទេសចរពីតំបន់ផ្សេងៗ មកទស្សនានិងកម្សាន្តរហូតដល់យប់ ។

ចំណែករបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុឯណោះវិញក៏បានបង្ហាញ ពីតួលេខចំនួនភ្ញៀវទេសចរផ្ទៃក្នុង មកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះផងដែរ ដោយសរុបទាំងអស់មានចំនួនប្រមាណជិត៥០ម៉ឺននាក់ និងមានកំណើនរហូតដល់ជាង៣០០ភាគរយធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១កន្លងទៅ ។

ការកើនឡើងនៃភ្ញៀវទេសចរ នៅតាមតំបន់សមុទ្រគឺជាសញ្ញាវិជ្ជមាននៃការអភិវឌ្ឍសេវាកម្មស្នាក់នៅ និងកម្សាន្តនៅតាមតំបន់នោះ ហើយក៏រំពឹងថា អ្នកវិនិយោគក្នុង និងក្រៅប្រទេសសម្លឹងមើលឃើញ ពីការវិនិយោគលើតម្រូវការចាំបាច់របស់ភ្ញៀវទេសចរផងដែរ ។

លោកឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាក៏បានលើកឡើងថាកំណើនភ្ញៀវទេសចរផ្ទៃក្នុងរបស់កម្ពុជា មិនទាន់អាចឱ្យការស្នាក់នៅពេញឬកង្វះសេវាស្នាក់នៅទេ។ សណ្ឋាគារជាច្រើននៅរង់ចាំភ្ញៀវទេស​ចរណ៍ ពីព្រោះភ្ញៀវក្នុងស្រុកគាត់ស្នាក់នៅសណ្ឋាគារសមរម្យ។ ចំណែកសណ្ឋាគារលំដាប់ផ្កាយ កំពុងរង់ចាំភ្ញៀវដែលជាភ្ញៀវបរទេស ខណៈក្នុងស្រុកមានតិចតួចស្នាក់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here