យន្តហោះធំបំផុតក្នុងលោកដែលរុស្ស៊ីបាញ់កម្ទេចក្នុងសង្គ្រាមអ៊ុយក្រែនគ្រោងជួសជុលស្ដារឡើងវិញក្នុងតម្លៃមហាសាល

0

សុខុម

ក្រុងគៀវ: ការបាញ់កម្ទេចយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោកគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ នៅពេលសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឱ្យដឹងថា យន្តហោះធំបំផុតក្នុងលោកដែលមានឈ្មោះថា Antonov AN-225 នេះត្រូវបានកម្ទេចចោលដោយគ្រាប់កាំភ្លើងធំក្នុងទីក្រុង Hostomel ជិតរដ្ឋធានីគៀវ របស់អ៊ុយក្រែន ខណៈកំពុងចតចោល។

នៅពេលយន្តហោះនេះត្រូវបានបាញ់កម្ទេចគួរឱ្យសោកស្ដាយ ក្រុមហ៊ុនផលិតយន្តហោះនេះបានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “ក្ដីសុបិននឹងមិនចេះស្លាប់ឡើយ”។

ពេលនេះលទ្ធផលបង្ហាញថា ក្រុមហ៊ុននេះបានរក្សាពាក្យសន្យារបស់ខ្លួន ដោយប្រកាសថាគម្រោងជួសជុលស្ដារយន្តហោះនេះឡើងវិញកំពុងតែស្ថិតក្នុងដំណើរការ។

យន្តហោះ Antonov AN-225 ដែលមានរហស្សនាម “Mriya” ជាភាសាអ៊ុយក្រែន ដែលមានន័យថា “ក្ដីសុបិន” នេះត្រូវបានផលិតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ សម្រាប់ដឹកយានរ៉ុក្កែតរបស់សហភាពសូវៀត។ ដោយមានប្រវែងរហូតដល់ទៅ៨៤ម៉ែត្រ យន្តហោះនេះមានសមត្ថភាពផ្ទុកទ្វេដងបើធៀបនឹងយន្តហោះធុន Boeing 747។

ការកម្ទេចយន្តហោះនេះត្រូវបានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរបង្ហោះលើគណនី Twitter ថា “ប្រទេសរុស្ស៊ី បានកម្ទេចយន្តហោះ Mriya របស់យើងហើយ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញក្ដីសុបិនរបស់យើងដែលចង់ក្លាយជារដ្ឋមួយនៅអឺរ៉ុប ដែលមានសិទ្ធិសេរី និងប្រជាធិបតេយ្យដ៏រឹងមាំបាននោះឡើយ”។

ក្រុមហ៊ុន Antonov បាននិយាយនៅពេលនោះថា ខ្លួនមិនអាចបញ្ជាក់ពីស្ថានភាពនៃយន្តហោះនេះបានទេ ខណៈអ្នកកាសែត CNN លោក Vasco Cotovio និយាយថា ក្បាលយន្តហោះនេះបានត្រូវ “កាំភ្លើងធំបាញ់ចំ ហើយត្រូវបានកម្ទេចទាំងស្រុង” អំឡុងពេលគាត់ទៅទីនោះក្នុងខែមេសា។ ហើយដោយមើលឃើញការខូចខាតធ្ងន់ធ្ងរពេក គាត់ប៉ាន់ស្មានថា គ្មានផ្លូវដែលអាចជួសជុលស្ដារយន្តនេះឡើងវិញបានឡើយ។

ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ក្រុមហ៊ុន Antonov ប្រកាសថា គម្រោងជួសជុលស្ដារយន្តហោះ Antonov AN-225 ឡើងវិញបានចាប់ផ្ដើមហើយ។ ក្រុមហ៊ុននេះបានប៉ាន់ប្រមាណថា ការជួសជុលយន្តហោះនេះឡើងវិញអាចនឹងចំណាយប្រាក់អស់រហូតដល់ទៅ៥០២លានដុល្លារអាមេរិក និងប្រើពេលយ៉ាងតិច៥ឆ្នាំ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here