សម្ដេចតេជោ៖ ទោះសេដ្ឋកិច្ចអាស៊ានទើបងើបឡើងបានបន្តិច តែនៅមានភាពផុសស្រួយបែកខ្ញែកគ្នា

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា បន្ទាប់ពីរងផលប៉ះពាល់ពីបញ្ហានៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតែមានភាពផុយស្រួយ និងមានការបែកខ្ញែកគ្នា​នៅឡើយ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍ថា ជាមួយនឹងការព្យាយាម និង​កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង​ តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម ​យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមគំហែង​របស់ជំងឺកូវីដ-១៩ ​ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញ ​នូវសកម្មភាពសង្គម-សេដ្ឋកិច្ច ។

សម្ដេចបានបន្តថា “ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ច​អាស៊ាន​បូកបី (AMRO) កាលពីខែតុលាកន្លងទៅ​ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវ​កំណើន​សេដ្ឋកិច្ចជាវិជ្ជមាន​ ហើយតំបន់ទាំងមូល ​នឹងអាចសម្រេចបានកំណើនក្នុង​អត្រា៥,៣ភាគរយ ក្នុងឆ្នាំ២០២២ និង៤,៩ភាគរយ ក្នុងឆ្នាំ២០២៣ ​ដែលជាអត្រាខ្ពស់ បើធៀបទៅនឹង​តំបន់ផ្សេងទៀត នៃសកលលោក​ ប៉ុន្តែនៅតែមានភាព​ផុសស្រួយ​ និងត្រូវមានការប្រុងប្រយ័ត្ន”។

សម្តេចតេជោបានបន្ថែមថា “ខណៈពេលដែលយើងរីករាយជាមួយផ្លែផ្ការបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាព យើងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងពិភពលោក នៅតែមានភាពផុយស្រួយ និងមានការបែកខ្ញែកគ្នា​នៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពិចស្រពិលបំផុត ដែលមនុស្សរាប់លាននាក់នៅក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាជាយុទ្ធសាស្រ្តនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here