ដោយ: លាងហួរ
ប៉េកាំង: ក្រោយពីប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជាប់ឆ្នោតនៅអាណត្តិទី៣ ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន(CCP) សេដ្ឋកិច្ចរបស់ប្រទេសចិននាពេលនេះ មានភាពខុសគ្នាដាច់ស្រឡះ ពីសេដ្ឋកិច្ចនៅពេលដែលលោកចូលកាន់ដំណែងកាលពីមួយទសវត្សរ៍មុន។
សេចក្តីសម្រេចចិត្តដែលលោកស៊ី ជីនពីង បានធ្វើឡើងនៅក្នុងអាណត្តិថ្មីនេះ បានប្រថុយនឹងការកាត់បន្ថយសេដ្ឋកិច្ចចិន ក្នុងទំហំទឹកប្រាក់រហូតដល់៥ពាន់ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ។
-->
នៅពេលដែលលោក ស៊ី ជីនពីន ក្លាយជាមេដឹកនាំរបស់ប្រទេសចិនក្នុងឆ្នាំ២០១២ លោកបានទទួលមរតកសេដ្ឋកិច្ច ដែលកំពុងលូតលាស់ក្នុងល្បឿនយ៉ាងលឿន ដោយសេដ្ឋកិច្ចចិននាពេលនោះ បានហក់ឡើងក្នុងល្បឿនជាមធ្យមប្រហែល៧ភាគរយក្នុងមួយឆ្នាំ។

បច្ចុប្បន្ននេះ ស្ថានភាពគឺខុសគ្នាគួរឱ្យកត់សម្គាល់ ហើយជាលើកដំបូងបង្អស់ ចាប់តាំងពីឆ្នាំ១៩៨៩ ប្រទេសចិននឹងមិនអាចសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ខ្លួនបាន។
ទោះជាយ៉ាងណាក៏ដោយ ការបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច រួមទាំងការដាំក្បាលក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់មានបញ្ហា និងការកើនឡើងភាពអត់ការងារធ្វើរបស់យុវជនបានបង្ហាញថា ការធ្លាក់ចុះនេះអាចមានឫសគល់កាន់តែជ្រៅ។

ទោះបីជាប្រាក់ចំណូលរបស់មនុស្សម្នាក់នៅប្រទេសចិន នៅតែដើរពីក្រោយសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិនបានមើលឃើញពីភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ក្នុងការច្នៃប្រឌិត និងពាណិជ្ជកម្ម ជាមួយនឹងភាពប្រសើរឡើងតិចតួច ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ។
ផ្ទុយទៅវិញ វឌ្ឍនភាពរបស់ប្រទេសចិន ក្នុងការអនុវត្តកំណែទម្រង់ដែលគាំទ្រដល់ការប្រកួតប្រជែងទីផ្សារ និងការបើកទូលាយនៃការវិនិយោគមានតិចតួចប៉ុណ្ណោះ។
ការរីកចំរើនរបស់ប្រទេសចិន ក្នុងការបើកចំហពាណិជ្ជកម្ម និងការច្នៃប្រឌិតទំនងជានឹងនៅតែបន្តកើតមាន។
សមាជបក្សលើកទី២០របស់ប្រទេសចិន មិនបានបង្ហាញសញ្ញាថាមានការផ្លាស់ប្តូរធំដុំ នៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ហើយលោកស៊ី ជីនពីងបានបង្ហាញក្នុងចក្ខុវិស័យរបសើលោកថា ពាណិជ្ជកម្ម និងការច្នៃប្រឌិតជាអាទិភាពសម្រាប់អាណត្តិទីបីរបស់លោក៕
