ដោយៈ សុផារី
សៀមរាបៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប ចំនួន២ខ្សែ ដែលត្រូវបានសិក្សាបញ្ចប់ និងគ្រោងបើកការដ្ឋានសាងសង់នាពេលថ្មីៗនេះ ត្រូវបានមើលឃើញថា នឹងជួយជំរុញសក្តានុពលអចលនទ្រព្យ និងជួយសម្រួលដល់ការដឹកជញ្ជូន ក្នុងក្រុងសៀមរាប។
ផ្លូវក្រវាត់ក្រុងខាងជើងមានប្រវែង៥៥គីឡូមែត្រ ជាគម្រោងសាងសង់ក្រោមកម្ចី៤៥,៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ភ្ជាប់តំបន់ពួក ទៅកាន់តំបន់ពាក់ស្នែង ដល់តំបន់រុនតាឯក។ ចំណែកផ្លូវក្រវាត់ក្រុងខាងត្បូង គ្រោងសាងសង់នៅក្រោមឥណទានសម្បទាន៩៤,១លានដុល្លាររបស់កូរ៉េខាងត្បូង តភ្ជាប់ពីផ្លូវជាតិលេខ៦៤ មកកាន់តំបន់ពួក នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់Property Area Asia កាលពីពេលថ្មីៗនេះថា ផ្លូវក្រវាត់ក្រុងនេះជាទស្សនៈវិស័យ សម្រាប់បម្រើឱ្យការសម្រួលចរាចរណ៍ ការដឹកជញ្ជូន និងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពល្អប្រសើរ ព្រមទាំងជាយន្តការនៅក្នុងការអភិវ ឌ្ឍនៅក្នុងតំបន់ផ្ទាល់តែម្តង។
លោកមានប្រសាសន៍បន្តថា “តាមរយៈគម្រោងក្រវាត់ក្រុងទាំងពីរនេះនឹងនាំមកនូវការរីកចម្រើន នៃជីវភាពរបស់ប្រជាជន និងសហគមន៍ផ្ទាល់ ជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យ នឹងជំរុញឱ្យមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត តាមរយៈការប្រើប្រាស់ដីធ្លី ដែលនឹងជំរុញឱ្យមានកំណើនតម្លៃដីធ្លីខ្ពស់”។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោងផ្លូវក្រវាត់ក្រុងសៀមរាបទាំងផ្នែកខាងជើង និងខាងត្បូងនេះជាការគិតគូរ ដើម្បីបញ្ចៀសចរាចរណ៍របស់រថយន្តធំៗ ធ្វើដំណើរច្រើនពេកនៅក្នុងផ្លូវជាតិលេខ៦ ជាពិសេសត្រង់ចំណុចមុខព្រះរាជដំណាក់ សណ្ឋាគារសុខា និងតំបន់ធ្វើដំណើរទៅកាន់ស្រុកក្រឡាញ់។
ក្រៅពីគម្រោងខាងលើ ភាគីពាក់ព័ន្ធកំពុងកសាងសិក្សា និងជំរុញគម្រោងទីក្រុងឆ្លាតវៃនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបាននូវក្នុងរយៈពេល៣ឆ្នាំខាងមុខ ពោលគឺចាប់ពីឆ្នាំ២០២២នេះ ដល់ចុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ការរៀបចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាបក្រោមដី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំប្រព័ន្ធភ្លើងសញ្ញាចរាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ។ល៕