ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំ និងដៃគូពាក់ព័ន្ឋ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើងនាឆ្នាំតទៅមុខ។
សម្តេចតេជោដែលជាប្រធានអាស៊ាម និងបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤១ និងលើកទី៤១នាព្រឹកថ្ងៃទី១១ វិចច្ឆិកានេះបានថ្លែងថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅ សហប្រតិបត្តិការនាពេលអនាគត។
-->
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានបង្ហាញជំនឿថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងមានគោលបំណងចែករំលែកនូវការយល់ឃើញ ការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ខណៈដែលយើងកំពុងសប្បាយរីករាយ ជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

សម្តេចបន្តថា “យើងកំពុងស្ថិតនៅលើចំណុចប្រសព្វ ដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ”។
សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងដូច្នេះថា “ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ ក្នុងន័យនេះ ខ្ញុំជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ”។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន”៕
