រដ្ឋាភិបាលត្រូវការថវិកាជាង២៨ពាន់លានដុល្លារអាមេរិកដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស

0

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ជាងមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥ និងបន្តឈានឆ្ពោះ ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។

យ៉ាងណាក្តី ហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នង ដែលទ្រទ្រង់ និងជួយពង្រីកកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅតែជាបញ្ហាប្រឈមមួយ។ ដើម្បីកាត់បន្ថយគម្លាត និងធ្វើឱ្យប្រទេសកម្ពុជា ត្រៀមខ្លួនជាស្រេចនាពេលអនាគត គឺបើគិតត្រឹមឆ្នាំ២០៤០ កម្ពុជាត្រូវការការវិនិយោគដ៏ច្រើន ក្នុងទំហំប្រមាណ២៨ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធ។

នេះបើយោងតាមការប៉ាន់ស្មាន របស់មជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធសកល (Global Infrastructure Hub) ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ធនាគារពិភពលោកនៅក្នុងរបាយការណ៍ថ្មីមួយ បាននិយាយថា ប្រ​ទេសកម្ពុជា នៅតែបន្តមានគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ ហើយនាពេលអនាគត នឹងទទួលបានអត្ថប្រយោជន៍ ពីការតភ្ជាប់កាន់តែច្រើន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។

កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់១០៦ ក្នុងចំណោម១៤០ប្រទេស ពាក់ព័ន្ធនឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមការធ្វើបច្ចុប្បន្នភាព និងទស្សនវិស័យទីផ្សារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរៀបចំ និងចេញផ្សាយរួមគ្នាក្នុងខែតុលា ឆ្នាំ២០២២ ដោយក្រុមហ៊ុន PwC Cambodia និង PwC Singapore រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់គម្លាតនេះ ហើយកំពុងស្ថិតក្នុងការអនុវត្តន៍កំណែទម្រង់គោលនយោបាយសំខាន់ៗ។

របាយការណ៍ PwC បានឱ្យដឹងថា រដ្ឋាភិបាលមានគោលបំណងទាក់ទាញការវិនិយោគពីវិស័យឯកជន តាមរយៈច្បាប់ស្តីពី ការវិនិយោគ ឆ្នាំ២០២១ និងច្បាប់ស្តីពីភាពជាដៃគូសាធារណៈ និងឯកជនឆ្នាំ២០២១ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគ ពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។

លោកគូសបញ្ជាក់ថា “វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមសម្រាប់ការវិនិយោគ​ផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here