ដោយៈ សុខុម
អន្តរជាតិ: គណៈកម្មាធិការប្រតិបត្តិនៃសហភាពអឺរ៉ុប បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយព្រមានថា ប្រទេសចំនួន១៩ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ អាចនឹងដាំក្បាលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរដូវរងារឆ្នាំនេះ។
ការព្រមាននេះធ្វើឡើង ខណៈអតិផរណាខ្ពស់បំផុត មិនធ្លាប់មានបន្តអូសបន្លាយយូរជាងការរំពឹងទុក ហើយការហក់ឡើងថ្លៃប្រេងឥន្ធនៈ និងការកើនឡើង ថ្លៃចំណាយលើប្រព័ន្ធរក្សាកម្ដៅក្នុងផ្ទះ ធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង។
-->

គណៈកម្មាធិការអឺរ៉ុប បានធ្វើការព្យាករកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ថា ទិន្នផលសេដ្ឋកិច្ចនឹងធ្លាក់ចុះ ក្នុងរយៈពេល៣ខែចុងក្រោយ នៃឆ្នាំនេះ និងប៉ុន្មានខែដំបូងដើមឆ្នាំ២០២៣។
គណៈកម្មាការនេះនិយាយថា ការឡើងថ្លៃថាមពល ការឡើងថ្លៃជីវភាពប្រចាំថ្ងៃ ការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃពាណិជ្ជកម្មសកល “នឹងធ្វើឱ្យសហភាពអឺរ៉ុប តំបន់ចាយប្រាក់អឺរ៉ូ និងរដ្ឋជាសមាជិកភាគច្រើនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ”។
ទន្ទឹមនឹងនេះ ការព្យាករកំណើនសម្រាប់ឆ្នាំ២០២៣ ទាំងមូលត្រូវបានបន្ទាបពី១,៤% ដែលត្រូវបានព្យាករណ៍ កាលពីខែកក្កដា មកនៅត្រឹម០,៣%។
លោក Paolo Gentiloni ឧត្ដមស្នងការអឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ចលើកឡើងថា “សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប កំពុងស្ថិតនៅចំណុចរបត់មួយ”។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា “បន្ទាប់ពីការងើបឡើងយ៉ាងរឹងមាំ គួរឱ្យភ្ញាក់ផ្អើលក្នុងឆមាសទី១ សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានបាត់បង់សន្ទុះក្នុងត្រីមាសទី៣ ហើយទិន្នន័យស្ទង់មតិកាលពីពេលថ្មីៗនេះ បានចង្អុលបង្ហាញថា សេដ្ឋកិច្ចនឹងដាំក្បាលចុះនៅរដូវរងារនេះ។ ហើយទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយបានធ្លាក់ចុះយ៉ាងខ្លាំង”៕ South China Morning Post៕
