ដោយ: លាងហួរ
ប្រទេសចិន: ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group បានដាក់លក់ដីឡូតិ៍ សម្រាប់សាងសង់ ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងShenzhen ក្នុងតម្លៃចាប់ផ្តើម ៧,៥ពាន់លានយ័ន(១,០៦ពាន់លានដុល្លារ)។
ផ្ទៃដីដែលមានទំហំ២,៤៧ហិកតា នឹងត្រូវបានដាក់លក់ នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ក្រោយពីការដ្ឋានសាងសង់ ត្រូវបានផ្អាកតាំងពីខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។
-->

ដោយជំពាក់បំណុល៣៥០ពាន់លានដុល្លារ ក្រុមហ៊ុន Evergrandeបានផ្អាកគម្រោងជាច្រើនរបស់ខ្លួន ដោយសារក្រុមហ៊ុនមិនមានលទ្ធភាពអាចបង់ប្រាក់ឱ្យអ្នកម៉ៅការ និងម្ចាស់បំណុលបាន។
លើសពីនេះ ទ្រព្យសម្បត្តិជាច្រើនរបស់ក្រុមហ៊ុនមួយនេះ ក៏ត្រូវបានដាក់លក់ ឬរឹបអូសយកដោយម្ចាស់បំណុល និងរដ្ឋបាលក្នុងតំបន់ផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនEvergrande បានទិញដីនេះ កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៥,៦ពាន់លាន យ័ន(ប្រហែល៧៨៧,៨៥លានដុល្លារ)។
ក្រុមហ៊ុន Evergrande បានផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួន ពីទីក្រុង Guangzhou រួចទៅជួលការិយាល័យនៅក្នុងទីក្រុងShenzhen ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុននេះ បានផ្លាស់ទៅទីក្រុង Guangzhou វិញកាលពីចុងឆ្នាំ២០២១ ចំពេលមានវិបត្តិបំណុល៕
