ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជាត្រូវបានមេដឹកនាំក្នុងតំបន់ និងបណ្តាប្រទេសនានាចាប់អារម្មណ៍ច្រើន លើទិដ្ឋភាពនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម។
ជាក់ស្តែងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា មេដឹកនាំមួយចំនួនបានកោតសរសើរកម្ពុជាលើទិដ្ឋភាព ដែលពួកគេមើលឃើញក្នុងមុំផ្សេងៗគ្នា។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា លោករីករាយណាស់ ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា។
លោក Wang Wenbin បានបង្ហោះសារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ដោយភ្ជាប់នឹងរូបភាពមួយសន្លឹក នៃទិដ្ឋភាពរាជធានីភ្នំពេញ និងបានសរសើរពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញផងដែរ។
លោកបានបញ្ជាក់ថា “រាត្រីដ៏ស្រស់ស្អាត ក្នុងរាជធានីភ្នំពេញ។ វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំមកទីនេះលើកចុងក្រោយ។ ខ្ញុំរីករាយណាស់ ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា”។
អ្នកនាំពាក្យរូបនេះ បានអមដំណើរ លោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដែលអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរសេរសារភ្ជាប់ជាមួយរូប ដោយបានសរសើរពីភាពស្រស់ស្អាត នៃថ្ងៃលិចនៅទីក្រុងភ្នំពេញ។
លោក លី ស៊ានឡុង បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕