អ្នកជំនាញរំពឹងថាដីធ្លីនៅក្នុងខេត្តរតនៈគិរីនឹងងើបឡើងវិញក្នុងឆ្នាំ២០២៤ ឬ២០២៥

0

ដោយៈ សុផារី

រតនគិរីៈ ខេត្តរតនគិរី កំពុងយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលជាគោលការណ៍នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនឹងហុចផលចំណេញ ដល់ទីផ្សារអចលនទ្រព្យនៅក្នុងមូលដ្ឋាន។

អ្នកជំនាញលើកឡើងថា គម្រោងទាំងនោះនឹងជំរុញឱ្យដីធ្លីនៅក្នុងខេត្តរតនគិរីមានកំណើនតម្លៃ ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត។

លោកយ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ក្តីរំពឹងតម្លៃដីធ្លីនៅក្នុងខេត្តរតនគិរី នឹងមានការងើបឡើងវិញបណ្តើរៗ នៅក្នុងរយៈពេល២ ឬ៣ឆ្នាំទៀត ពោលគឺក្នុងឆ្នាំ២០២៤ ឬ២០២៥។

លោកបានឱ្យដឹងថា “បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងមមាញឹកក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមស្វាគមន៍ការត្រល​ប់មកវិញនៃអ្នកចំណូលស្រុកពីបណ្តាខេត្តនានា ដែលនឹងបង្កើនតម្រូវការច្រើន និងជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យមានកំណើនផងដែរ”។ លោកថា “នេះជាឱកាសល្អសម្រាប់អ្នក ដែលមានថវិកាហើយចង់វិនិយោគ ព្រោះនៅក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត ការវិនិយោគនេះនឹងហុចផលចំណេញត្រលប់មកវិញ”។

លោកបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះ តម្លៃដីធ្លីនៅទ្រឹង ឬតំបន់ខ្លះអាចនឹងមានភាពស្ងប់ស្ងាត់បន្តិច ដោយសារតែមិនទាន់សូវមានអ្នកវិនិយោគច្រើនដូចពេលមុនក្តី ប៉ុន្តែបច្ចុប្បន្ននេះ ខាងរដ្ឋបាលខេត្តកំពុងតែរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ហើយជាក្តីរំពឹងនៅក្នុងឆ្នាំ២០២៤ ឬត្រឹមឆ្នាំ២០២៥ ដីធ្លី និងវិស័យអចលនទ្រព្យរតនគិរី នឹងចាប់ផ្តើមងើបឡើង ហើយអ្នកវិនិយោគនឹងទទួលបានផលពីគម្រោងទាំងនោះ។

លោកថា កត្តាដែលសំខាន់បំផុត ដែលនឹងជំរុញសក្តានុពលតំបន់អភិវឌ្ឍន៍នៅក្នុងខេត្ត រួមមាន គម្រោងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តឱ្យមានទំហំធំជាងមុន និងនៅតាមបណ្តារមណីយដ្ឋាននានា ដើម្បីទាក់ទាញទេសចរមកទស្សនាច្រើន។ ម្យ៉ាងទៀត វិសាលភាពនៃដីធ្លីនៅក្នុងខេត្តរតនគិរីមានច្រើន ហើយតម្លៃដីធ្លីនៅមានភាពធូរថ្លៃច្រើន។

អ្នកជំនាញមូលដ្ឋានរូបនេះមើលឃើញថា នាពេលនេះជាឱកាសមាសសម្រាប់អ្នកដែលមានថវិកា ហើយចង់វិនិយោគ ព្រោះនាពេលអនាគត នោះគាត់នឹងទទួលបានផលចំណេញខ្ពស់ ក្នុងរយៈពេលមធ្យម ឬរយៈពេលវែង ដោយសារដីធ្លីនៅក្នុងទីរួមខេត្តដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍មានទំហំធំៗច្រើន ហើយនាពេលអនាគត នឹងមានតម្រូវការត្រលប់មកវិញក្នុងពេលឆាប់ៗ។

លោកបានបន្តថា “សម្រាប់អ្នកទិញទុកចំណេញ ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត វាជាឱកាសចំណេញសម្រាប់គាត់ ហើយគាត់អាចធ្វើការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់តម្រូវការនាពេលនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here