តើពិធីបុណ្យសមុទ្រជាឱកាសជំរុញចំណាប់អារម្មណ៍វិនិយោគអចលនទ្រព្យក្នុងក្រុងព្រះសីហនុឡើងវិញឬ?

0

ដោយៈ សុផារី

ព្រះសីហនុៈ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាខេត្តជាប់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ស្របពេលផ្លូវល្បឿនលឿនទី១របស់កម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ។

អ្នកជំនាញមើលឃើញថា សកម្មភាពសេដ្ឋកិច្ច ជាពិសេសទីផ្សារអច​លនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ក៏សម្លឹងឃើញសញ្ញាវិជ្ជមាននឹងកម្រើកឡើងវិញបណ្តើរៗ ស្របពេលដែលខេត្តមួយនេះ កំពុងតែរៀបចំបុណ្យសមុទ្រឆ្នាំ២០២២ ដែលជួយសម្រួលដោយការធ្វើដំណើរ តាមរយៈផ្លូវល្បឿនលឿន។

លោក ឆន សិលា អ្នកជំនាញអចលនទ្រព្យនៃក្រុមហ៊ុនអចលនទ្រព្យមួយក្នុងក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់ Property Area Asia នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះថា ស្ថានភាពអចលនទ្រព្យ នៅក្នុងក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរច្រើនជាងមុន ក្នុងនោះចរន្តនៃការទិញលក់ដីឡូតិ៍ និងការជួលអាគារស្នាក់នៅ បន្តមានអតិថិជនស្វែង  រក។

លោកបន្តថា “ក្រោយផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុបានបើកដំណើរការជាផ្លូវការ សកម្មភាពទេសចរណ៍ ដែលមកទស្សនាកំសាន្តនៅក្នុងក្រុង មានភាពមមាញឹកជាងមុនច្រើន ហើយក៏បាននាំមកនូវអ្នកដែលចាប់អារម្មណ៍វិនិយោគក្នុងក្រុងផងដែរ”។

ចំណែកលោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃដដែលថា ព្រឹត្តិការណ៍បុណ្យសមុទ្រ នៅចុងឆ្នាំ២០២២ខាងមុខ ដែលសម្រួលដោយការធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័សពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយផ្លូវល្បឿនលឿន បូកផ្សំនឹងលទ្ធផលល្អប្រសើរនៃកិច្ចប្រជុំរវាងរដ្ឋាភិបាលកម្ពុជា និងចិនកាលពីពេលថ្មីៗនេះ នឹងជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ មានភាពល្អប្រសើរច្រើនជាងមុន ហើយក៏អាចហុចផលល្អជាវិជ្ជមាន ដល់ឱកាសនៃការងើបឡើងវិញ នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តផងដែរ។

លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុ នឹងមានភាពល្អប្រសើរ ដោយយើងឃើញថា កន្លងមក ផ្លូវល្បឿនលឿនបានជំរុញឱ្យចរន្តសេដ្ឋកិច្ចខេត្ត ដំណើរការល្អប្រសើរឡើងវិញ នាំឱ្យប្រជាជនមានចំណូល ទោះបីសកម្មភាពវិនិយោគជារួម នៅមិនទាន់មានភាពប្រាកដប្រជាក្តី”។

ជាពិសេស នៅចុងឆ្នាំ២០២២ខាងមុខនេះ នឹងមានការរៀបចំបុណ្យសមុទ្រ នៅក្នុងខេត្តព្រះសីហនុផងដែរ ដោយលោករំពឹងថា លំហូរទេសចរដែលមកទស្សនាកំសាន្តនេះ នឹងជំរុញចរន្តទិញលក់អចលនទ្រព្យ ក្រុងព្រះសីហនុឡើងវិញ។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹប “ឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រី ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសា​សន៍ថា ពិធីបុណ្យសមុទ្រនេះ ជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស សេដ្ឋកិច្ច សង្គម មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

លោកបញ្ជាក់ថា “នេះក៏ជាឱកាសពិសេស សម្រាប់ការបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវ​ ឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here