ប្រទេសជប៉ុនផ្តល់កម្ចីជាង៩២៧លានដុល្លារដល់ឥណ្ឌូណេស៊ីដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

0

ដោយ: លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៣០ពាន់លានយ៉េន (ស្មើនឹង៩២៧,៤លានដុល្លារអាមេរិក) ដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់គម្រោងប្រព័ន្ធដឹកជញ្ជូនដ៏ធំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ។

លោក Kishida បាន​ឯកភាពជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo ថា ប្រទេស​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ នៅ​ពេល​ខាង​មុខ។

ការប្រកាសរបស់លោក Kishida បានកើតឡើង ស្របពេលប្រទេសជប៉ុនបាន និងកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ចិន ក្នុងការពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមមេដឹកនាំរបស់ប្រទេសជប៉ុន និងឥណ្ឌូនេស៊ីក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យត្រូវបានផ្សព្វផ្សាយ ដោយទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Kishida បានរិះគន់ប្រទេសចិនចំពោះការបង្កើនសកម្មភាព ដែលរំលោភលើអធិបតេយ្យភាពរបស់ជប៉ុន នៅសមុទ្រចិនខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ លោក​ក៏កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​បាលី​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុម G20 រយៈពេល​ពីរ​ថ្ងៃ ដែលប្រទេសឥណ្ឌូនេស៊ី គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here