ដោយ: លាងហួរ
ប៉េកាំង: ប្រទេសចិនបានបង្ហាញផែនការសកម្មភាពរយៈពេល៣ឆ្នាំ ដើម្បីប្រែក្លាយតំបន់ដីសណ្តទន្លេយ៉ង់សេ (Yangtze) ទៅជាតំបន់មានបរិយាកាសធុរកិច្ចប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្នុងគោលបំណងទាក់ទាញក្រុមវិនិយោគិនឯកជន និងអន្តរជាតិ។
យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ផែនការនេះ គឺជាគំនិតផ្តួចផ្តើមចុងក្រោយបំផុតមួយ របស់គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន ដើម្បីស្ដារទំនុកចិត្តទីផ្សារ និងស្ថិរភាពកំណើនសេដ្ឋកិច្ចឡើងវិញ។
-->

តំបន់ដីសណ្ដទន្លេទន្លេយ៉ង់សេ ដែលរួមមានទីក្រុងសៀងហៃ និងខេត្តជិតខាងចំនួន៣ គឺខេត្ត Jiangsu ខេត្ត Zhejiang និងខេត្តAnhui បានរួមចំណែកប្រហែលមួយភាគបួន នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។
លោក Pan Xiangdong ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវ Qilai ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានមានប្រសាសន៍ថា ផែនការសកម្មភាព នៅក្នុងតំបន់ស្តង់ដារខ្ពស់បែបនេះនឹងជាការបង្ហាញដ៏ល្អនៃបរិយាកាសធុរកិច្ចរបស់ប្រទេសចិន ហើយវាក៏នឹងជួយជំរុញការបង្កើតទីផ្សាររួមផងដែរ។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងមានកាន់តែច្រើនបន្ថែមទៀត ដើម្បីសម្របសម្រួលការអភិវឌ្ឍន៍អាជីវកម្ម និងជំរុញការវិនិយោគ និងហិរញ្ញវត្ថុ៕
