ឡាវអនុម័តឱ្យក្រុមហ៊ុនកូរ៉េវិនិយោគសង់រីហ្សតខ្នាតយក្សតម្លៃ ច្រើនពាន់លានដុល្លារ

0

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង មួយដើម្បីផ្ដល់ដីសម្បទាន១.២០០ហិកតា សម្រាប់សាងសង់រីហ្សតខ្នាតយក្សមួយ ដែលមានតម្លៃដល់ទៅ២,៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា។

ឧត្តមសេនីយ៍ត្រីនគរបាល Thongsouk Yaeulaoly ដែលជាអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងលោក Jeong Taejin ដែលជាអគ្គនាយកក្រុមហ៊ុនកូរ៉េ Oriental Pearl Company បានចុះកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមការសាងសង់រីហ្សត Resort Laoស្ថិតក្នុងភូមិសាស្ត្រស្រុក Phonhong នៃខេត្តវៀងចន្ទន៍ ប្រទេសឡាវ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅស្រុក Phonhong និងមានការអញ្ជើញចូលរួមពីឯកឧត្តម Kongthong Phongvichith ដែលជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងលោក Kim Won Pyo ដែលជាប្រធានក្រុមហ៊ុន Oriental Pearl រួមជាមួយនឹងមន្ត្រីមកពីក្រសួង និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ត្រីនគរបាល Nouchone Konethongdam ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភ័ស្តុភារ បានទម្លាយឱ្យដឹក្នុងពិធីចុះហត្ថលខានេះថា ក្រុមហ៊ុនកូរ៉េខាងលើនេះ បានដាក់សំណើជូនក្រសួងក្នុងឆ្នាំ២០១៥។ ក្រុមហ៊ុននេះមានបំណងចង់ចាប់ផ្តើម គម្រោងដ៏ធំនេះដើម្បីប្រែក្លាយតំបន់នេះ ទៅជាក្រុងទេសចរណ៍ដ៏ទាក់ទាញ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវ ព្រមទាំងបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុកផងដែរ។

ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យប្រទេសទាំងពីរ ចាប់ផ្តើមសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងនេះ។

នៅពេលបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព គម្រោងនេះបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលឱ្យចាប់ផ្ដើមដំណើរការសាងសង់។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់លម្អិតថា តើគម្រោងនេះនឹងត្រូវប្រើពេលយូរប៉ុនណា ទើបសាងសង់បញ្ចប់ជាស្ថាពរនោះឡើយ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here