ដោយៈ ជេស៊ីកា
ភ្នំពេញៈ សាកលវិទ្យាល័យម៉ិញជូ នៃខេត្តយូណាន និងក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltd នឹងសហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស ដើម្បីបណ្តុះបណ្តាលភាសាចិននៅទីក្រុងភ្នំពេញ។
កម្មវិធីនេះ ជាផ្នែកមួយនៃមូលដ្ឋានអប់រំវិជ្ជាជីវៈមេគង្គ- ឡានឆាង មានការិយាល័យ នៅក្នុងសាកលវិទ្យាល័យធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យម៉ិញជូ នៃខេត្តយូណានប្រទេសចិន។
យោងតាមសេចក្តីប្រកាសព៌តមាន ដែលទទួលបានពីលោកChin Binប្រធានក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltdប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាថា ជាមួយនឹងការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ក្នុងវិស័យទេសចរណ៍ ហេតុនេះដើម្បីបំពេញតម្រូវការធនធានមនុស្សភាសាចិន ក្នុងវិស័យទេសចរណ៍ កម្ពុជាត្រូវបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន។
លោកChin Binបានបន្តឲ្យដឹងថា ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា សាកលវិទ្យាល័យធនធានមនុស្ស និងក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltd និងសាកលវិទ្យាល័យម៉ិញជូ ខេត្តយូណាន នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំគំរោងស្តីពីទេពកោសល្យទេសចរណ៍ភាសាចិន កម្ពុជា ឆ្នាំ២០២២ដែលនឹងធ្វើឡើងនៅខែធ្នូឆ្នាំ២០២២ខាងមុខនេះ៕