ការរីកចម្រើនផ្នែកនគរូបនីយកម្មកំពុងជម្រុញឲ្យបណ្តាខេត្តជាប់រាជធានីភ្នំពេញមានការអភិវឌ្ឍលឿន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កំនើននគរូបនីយកម្ម ដែលពាក់ព័ន្ឋដល់ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋនិងសំណង់នានា បានធ្វើឲ្យបណ្តាខេត្ត ដែលមានភូមិសាស្រ្តជាប់រាជធានីភ្នំពេញ មានការរីកចម្រើនលឿន។

កំនើនមនុស្សចូលមកកាន់ទីក្រុងភ្នំពេញ មិនមានអ្វីប្លែកឡើយ ធៀបជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដែលទីក្រុងក្លាយជាកន្លែងជោរជន់ដោយហ្វូងមនុស្ស។

បរិបទនៃការអភិវឌ្ឍន៍ ដែលទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលបានធ្វើឲ្យរោងចក្រ សហគ្រាសចូលរាជធានី ឬរដ្ឋធានីប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ ប៉ុន្តែនៅពេលប្រទេសណាមួយនោះ អភិវឌ្ឍន៍លឿនដូចជាកម្ពុជា គោលនយោបាយរបស់រដ្ឋាភិបាលតែងតែផ្លាស់ប្តូរ។ ជាក់ស្តែងរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ ត្រូវបានលើកទឹកចិត្តឲ្យទៅកាន់តំបន់ជាយក្រុង ឬបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច និងមានហេដ្ឋារចនាសម្ព័ន្ឋងាយស្រួលក្នុងការដឹកជញ្ជូន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការរីកចម្រើនសេដ្ឋកិច្ច ពិតជាបានដើរតួនាទីសំខាន់ណាស់ ក្នុងការអនុញ្ញាត្តឲ្យរដ្ឋាភិបាលវិភាជន៍ថវិកា ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីពង្រីកតំបន់អភិវឌ្ឍន៍ និងធ្វើពិពិធកម្មតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មនានា។

លោកបន្តថា “ជាក់ស្តែងការរីកចម្រើនផ្នែកនគរូបនីយកម្ម បានធ្វើឲ្យ​បណ្តាខេត្តនានា ទទួលបានផលប្រយោជន៍ពីការរីកចម្រើន នៃរាជធានីភ្នំពេញ​ដូចជា ខេត្តកណ្តាល កំពង់ស្ពឺជាដើម”។ លោកបន្តថា “នេះជាគោល​នយោបាយរបស់រដ្ឋាភិបាល ដែលពីមុនរដ្ឋាភិបាលជម្រុញ និងទាក់ទាញឲ្យអ្នកវិនិយោគសាងសង់រោងចក្រ សហគ្រាសនៅទីក្រុង ដើម្បីទាក់ទាញមនុស្សរស់នៅទីក្រុងកាន់តែច្រើន ប៉ុន្តែនៅពេលសេដ្ឋកិច្ចរីកចម្រើន រោងចក្រសហគ្រាស នឹងត្រូវផ្លាស់ប្តូរចេញ ដែលទីតាំងរោងចក្រ សហគ្រាសនា​នា នឹងត្រូវជំនួសដោយលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។

លោកច្រឹក សុខនីមបានបន្តថា ការរីកចម្រើននគរូបនីយកម្ម គឺដោយ​សារសេដ្ឋកិច្ចរីកចម្រើន ធ្វើឲ្យមនុស្សមានជីវភាពប្រសើរឡើង ហេតុនេះនគរូបនីយកម្ម និងកំនើនសេដ្ឋកិច្ច ប្រជាសាស្រ្ត ពិតជាបានផ្សារភ្ជាប់គ្នាមិនអាចខ្វះបាននៅក្នុងប្រទេសនានា ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញជាងគេ។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកនាងអាន សុធីតាបានលើកឡើងស្រដៀងគ្នាថា វិស័យឧស្សាហកម្ម នឹងមានការរីកចម្រើនលឿន ក្នុងផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យ ដោយសារកំនើននៃទំហំ ពាណិជ្ជកម្ម ការនាំចេញ ដែលនឹងទាក់ទាញវិនិយោគបរទេសចូលមកកាន់កម្ពុជាកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here