គំរោងវិនិយោគហូរចូលខេត្តកំពង់ស្ពឺមានសភាពស្ងប់ស្ងាត់

0

ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងវិនិយោគថ្មីៗឈានជើងចូលទឹកដី ខេត្តកំពង់ស្ពឺមានសភាពស្ងប់ស្ងាត់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្ត នៅតែបន្តយ៉ាងសកម្ម ពិសេសនៅតាមបណ្តោយផ្លូវលេខ៤១ និងផ្លូវលេខ៥១ ប៉ុន្តែសម្រាប់គំរោងវិនិយោគ   ថ្មីៗ​មានសភាពស្ងប់ស្ងាត់់ បើធៀបនឹងដើមឆ្នាំ២០២២នេះ។

លោកបន្តថា“ប្រសិនជាខ្ញុំមានឱកាសដើរ ទៅទស្សនកិច្ចក្រៅប្រទេស នឹងអាចមានក្រុមហ៊ុនចូលមកកាន់ខេត្តនេះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះលោកជាប់កាតព្វកិច្ចច្រើន”។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺ ទោះបីមិនមានរោងចក្រ សហគ្រាសថ្មីៗហូរចូលច្រើនក្តី ប៉ុន្តែខេត្តនេះនៅតែខ្វះកំលាំងពលកម្ម បំរើ​ការងារនៅតាមរោងចក្រ សហគ្រាសនានានៅឡើយ។ លោកបន្តថា លោក​បានជូនដំណឹង ទៅថ្នាក់ដឹកនាំខេត្តផ្សេងៗផងដែរ ដើម្បីជួយគៀងគរប្រជាពលរដ្ឋមកធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។

ខេត្តកំពង់ស្ពឺ លែងត្រូវគេមើលរំលងទៀតហើយ ដោយសារខេត្តនេះ​មានសក្តានុពលខ្លាំងលើតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ព្រោះខេត្តនេះមានទីតាំងស្ថិតនៅចំណុចកណ្តាល ក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលជាខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here