សម្តេចតេជោអញ្ជើញបិទសន្និបាតជាតិខួបលើកទី៣០នៃ សកម្មភាពមីនកម្ពុជា

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ បានអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។ សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម”។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា​គ្រប់​គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ការប្រារព្ធខួប៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺជាឱកាសសម្រាប់ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា និងវាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន។

ការរៀបចំសន្និបាតនេះ ក៏ជាការសម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងសម្តែងនូវការដឹងគុណ ដល់អ្នកបោសសម្អា​តមីនទាំងអស់។

លោកទេសរដ្ឋមន្ត្រីលី ធុចបានឱ្យដឹងថា រយៈពេល៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

លោកបានឱ្យដឹងថា ផ្ទៃដីប្រមាណ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ៩លាននាក់ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន៣,០២៨,៦៥៩គ្រាប់។កម្ពុជា។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោង ជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន២លានដុល្លារ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិកា រាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រនានា ដោយពន្ធជាបន្ទុករបស់រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here