ដំណឹងល្អៈ សម្តេចតេជោប្រកាសរាជធានី ខេត្តចំនួន៥ ជាតំបន់ គ្មានគ្រាប់មីន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកា​សថា រាជធានី ខេត្តរបស់កម្ពុជាជាតំបន់គ្មានគ្រាប់មីន រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង និងព្រះសីហនុ។

ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោហ៊ុន​ សែន បានបញ្ជាក់ថកម្ពុជា បានឈានទៅដល់ការប្រកាសខេត្ត-រាជធានីចំនួន៥គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះភូមិចំនួន១,៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។

សម្ដេចតេជោហ៊ុន សែនបានឲ្យដឹងថា យោងតាមរបាយការណ៍លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជាមានពេលប្រមាណ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេច បានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិ ផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាសប្បុរសជនប្រមាណ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត។ សម្តេចតេជោហ៊ុន សែន ក៏សូមបន្តអំពាវនាវ ដល់សប្បុរសជនចូលរួមឧបត្ថម្ភដល់ថវិកា សម្រាប់សកម្មភាពបោសសំអា​តមីន។

កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាល បានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។

ក្នុងរយៈពេលជាង៣០ឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here