កម្ពុជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាឱកាសទាក់ទាញវិនិយោគិនបរទេសដែលមានសក្តានុពលក្នុងទីផ្សារអចលនទ្រព្យ

0

ដោយ៖ សុផារី

ភ្នំពេញៈ ក្នុងនាមជា​ម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ​នេះ ប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ទាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្តពលិក និងថវិកាជាតិ សម្រាប់ការចំណាយ លើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

អ្នកជំនាញមើលឃើញថា តាមរយៈភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម គឺជាឱកាសក្នុងការទាក់ទាញឱកាសវិនិយោគ និងអ្នកវិនិយោគអន្តរជាតិ និងក្នុងតំបន់ ដែលមានសក្តានុពលនៅក្នុងទីផ្សារអចលនទ្រព្យ។

កញ្ញាមុំ សុធាវត្តី អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យ FazWaz Cambodia មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែងដល់វិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ទីផ្សារសណ្ឋាគារ អចលនទ្រព្យ ទេសចរណ៍ កន្លែងកំសាន្ត ជាដើម។

កញ្ញាមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី ទីផ្សារមួយចំនួន ដូចជា សណ្ឋាគារ និងកន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងបារ នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីលំហូរនៃភ្ញៀវ ប្រព័ន្ធផ្សព្វផ្សាយ និងអត្តពលិក។

ចំណែក ទីផ្សារអចលនទ្រព្យ អ្នកជំនាញរូបនេះបញ្ជាក់ថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។

កញ្ញាបញ្ជាក់ថា “ផលប្រយោជន៍ចំពោះអចលនទ្រព្យ នឹងកើតឡើង ដោយសារតែការផ្សព្វផ្សាយព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្នុងអំឡុងពេលការប្រកួត និងទស្សនិកជនអន្តរជាតិ និងអ្នកទស្សនា រំពឹងថានឹងចូលមកកាន់ប្រទេសកម្ពុជា រួមទាំងលំហូរនៃអ្នកវិនិយោគផងដែរ”។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ តំបន់ជ្រោ​យចង្វារនឹងបន្តមានសន្ទុះកំណើនខ្ពស់ ជាមួយនឹងការអភិវឌ្ឍកើនឡើង។ ក្នុងរយៈពេលវែង តម្រូវការសម្រាប់ការរស់នៅក្នុងតំបន់ នៅក្បែរៗពហុកីឡ​ដ្ឋានជាតិមរតកតេជោនឹងកើនឡើង ដែលនឹងមានការអភិវឌ្ឍចម្រុះកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ ហើយជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះ អស់រយៈពេល៦៤ឆ្នាំមកហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here