អ្នកជំនាញបង្ហាញពីសក្ដានុពលវិនិយោគនៃទិសនីមួយៗជុំវិញ រាជធានីភ្នំពេញ

0

ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ
តំបន់ជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលក្នុងការ

បណ្ដាក់ទុនវិនិយោគលើអចលនទ្រព្យ គ្រាន់តែថាទិសនីមួយៗ មានសក្ដានុពលទៅតាមប្រភេទនៃការវិនិយោគប៉ុណ្ណោះ។

នៅថ្ងៃនេះយើងនឹងលើកយក ពីគំនិតនិងទស្សនរបស់អ្នកជំនាញអចលនទ្រព្យមួយរូប គឺលោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុនCentury21 Dream Property ដើម្បីទុកជាគន្លឹះពិចារណា មុននឹងចាប់ផ្ដើមបណ្ដាក់ទុនវិនិយោគ។

លោកគាមសៀកឡុងបានឱ្យដឹងថា ប៉ែកខាងលិច ជាតំបន់ឧស្សហកម្ម រោងចក្រ ឃ្លំាង ផ្ទះជួលសម្រាប់កម្មករ ឬ ប្រកបមុខរបររកស៊ីជាមួយនឹងកម្មករ។ តំបន់នេះតភ្ជាប់ទៅកំពង់ផែក្រុងព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ លេខ៤១ និងផ្លូវជាតិលេខ៣ ជាតំបន់ដីពុះឡូត៍ច្រើនជាងគេ ជាពិសេសនៅក្នុងស្រុកអង្គស្នួល ខេត្កកណ្តាល។

ចំណែកប៉ែកខាងកើត តាមផ្លូវជាតិលេខ១មានបុរីប៉េង ហ៊ួត បឹងស្នោរ កោះនរាកំពុងអភិវឌ្ឍន៍ផងដែរ តភ្ជាប់មកកោះពេជ្រ និងជាតំបន់លំនៅដ្ឋានចម្រុះ និងបែបដំណាំហូបផ្លែនៅតំបន់ព្រែកឯង ឬកៀនស្វាយ មានដីទំនេរច្រើន ហើយក៏មានផ្លូវតភ្ជាប់ខ្វាត់ខ្វែង ទៅកាន់តំបន់ព្រលានយន្តហោះថ្មី។

លោកគាម សៀកឡុងបានបន្តថា ចំណែកឯតំបន់អរិយក្សត្រ នៅជិតក្រុងបង្កើយ ដោយសា​រតែមិនទាន់មានស្ពានសម្រាប់ឆ្លង ដែលធ្វើឱ្យតម្លៃដីតំបន់នេះមិនទាន់ខ្ពស់នៅឡើយ ជាតំបន់លំនៅដ្ឋាន និងអភិវឌ្ឍបែបចម្រុះ បច្ចុប្បន្នក៏មានសំណង់បុរីកម្រិតមធ្យម បានសាងសង់ជាបណ្តើរៗនៅតំបន់នោះរួចហើយដែរ។

វត្តមានស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់់តំបន់នោះនាពេលអនាគត នឹងធ្វើឱ្យតម្លៃដីនៅទីនោះកើនឡើងខ្លាំងជាក់ជាមិនខាន។

រីឯតំបន់ បែកខាងជើងមានផ្លូវជាតិលេខ៦អា មានទន្លេអមសងខាង ចន្លោះពេលពី២ទៅ៥ឆ្នាំទៀត ជ្រោយចង្វារក្លាយជាតំបន់អភិវឌ្ឍន៏ចម្រុះ គម្រោងOCIC និងបុរីធំៗនានានឹងបញ្ចប់ការសាងសង់ កំណើនប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកើនឡើង។ ជាតំបន់លំនៅដ្ឋានបែបប្រណិត សួនសត្វ សួនទឹក សណ្ឋាគារទំនើប ទីក្រុងរណបទំនើប  ខុនដូ លំនៅដ្ឋានជុំវិញពហុកីឡដ្ឋាន ពហុកីឡដ្ឋានថ្មីមរតកតេជោ ងាយស្រួលរស់នៅ និងកំសាន្ត ហើយកំពុងតែរៀបចំយ៉ាងសស្រាក់សស្រាំ សម្រាប់ទទួលកីឡា SEA GAME 2023 ។

លោកបន្ថែមថា គម្រោងបុរីធំៗរួមមានប៉េងហួត ជីបម៉ុង ដឺមេគង្គរ៉ូយ៉ាល់ អ័រគីដេរ វិមានភ្នំពេញ ហាយលែន ដឹផ្លរ៉ា Morgan ណាឌី Worldbridge Sport Village និងគម្រោងបុរីជាច្រើនទៀត កំពុងសាងសង់។ តំបន់ពាយ័ព្យ(ខាងជើងឈៀងខាងលិច)សែនសុខ បានប្រែក្លាយពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរស់រវើក គម្រោងខុនដូសម្រា​ប់អតិថិជន មានចំណូលមធ្យមនឹងកើនឡើងច្រើន តំបន់ជិតខាងនិងជុំវិញនោះនឹងមានការសាងសង់ជាបុរី ផ្ទះល្វែងច្រើនថែមទៀត ហើយបានសាយភាយចេញពីភ្នំពេញថ្មីទៅសង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ និងសង្កាត់គោករការនៃខណ្ឌព្រែកព្នៅ។

ហួសទៅប៉ែកខាងលិច ជាបន្តបន្ទាប់ដូចជាតំបន់ភ្នំរាប ភ្នំប្រសិទ្ធជាដើម ក៏មានទាក់ទាញខ្លាំង និងមានកំណើនខ្ពស់ផងដែរ។

ចំណែកនៅប៉ែកខាងត្បូងជាតំបន់អភិវឌ្ឍថ្មី មានផ្លូវ៦០ម៉ែត្រ ផ្លូវក្រវ៉ាត់​ក្រុងទី៣ ជាតំបន់អភិវឌ្ឍចម្រុះ ខុនដូ បុរីប្រណិតៗ ផ្សារទំនើបចំនួន៣ ដែលមានទាំងផ្សារទំនើបAEON3 បានកំពុងសាងសង់ជិតរួចរាល់ហើយ កំពុងប្រែក្លាយតំបន់នោះ ទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទំនើប បូករួមនឹងព្រលានយន្តហោះថ្មី និងផ្លូវក្រវ៉ាត់ក្រុងទី៣ដែលកំពុងស្ថាបនា បានធ្វើឱ្យតំបន់នោះមានការទាក់ទាញ និងរីកចម្រើនលឿនក្នុងពេលបច្ចុប្បន្ននេះ។

ជារួមតំបន់ជាយក្រុង មិនថាទិសខាងលិច ខាងកើត ខាងជើង ខាងត្បូងទេ សុទ្ធតែមានសក្តានុពលទាំងអស់តែផ្សេងៗពីគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here