អ្នកជំនាញបង្ហាញ៥ចំនុចដែលគួរគិតគូរមុននឹងទិញផ្ទះក្នុងបុរី

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ទីផ្សារលំនៅឋានក្នុងប្រទេសនៅតែជាទីផ្សារអាទិភាពមួយ នៃវិស័យអចលនទ្រព្យ ដោយនៅតែមានតម្រូវការ និងការទិញលក់ជាហូរហែ ទាំងផ្ទះតម្លៃខ្ពស់ៗ និងតម្លៃសមរម្យ។ ប៉ុន្តែក្នុងពេលដែលការអភិវឌ្ឍលំនៅឋានមានកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ អ្នកទិញលំនៅឋានក៏គួរតែគិតគូរពីចំនុចមួយចំនួនផងដែរ មុននឹងសម្រេចចិត្តទិញ ជាពិសេសលំនៅឋានក្នុងបុរី។

អ្នកនាង ចន្ទី ទិវា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ឱ្យដឹងថា ចំនុចដែលគួរគិតមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី មានដូចជា ១. ស៊ើបពីប្រវត្តិអ្នកអភិវឌ្ឍន៍លំនៅឋាននោះជាអ្នកណា ហើយគាត់មានប្រវត្តិបែបណា កេរ្តិ៍ឈ្មោះបែបណា និងធ្លាប់បានសាងស្នាដៃអ្វីខ្លះ ជាដើម។ ២. ប្លង់កម្មសិទ្ធិ អ្នកទិញផ្ទះក្នុងបុរីមុននឹងសម្រេចចិត្តបង់លុយទិញផ្ទះ ក៏គួរគិតគូរនិងសួររកប្លង់កម្មសិទិ្ធដែរ។ ត្រូវសួរថាតើប្លង់កម្មសិទិ្ធប្រភេទយ៉ាងម៉េច ជាប្លង់រឹង ប្លង់ទន់ ពីព្រោះថាការទិញផ្ទះ មិនមែនគ្រាន់តែបានផ្ទះទេ តែក៏ត្រូវមានប្លង់បញ្ជាក់ពីកម្មសិទិ្ធនៃផ្ទះនោះដែរ។

អ្នកនាងបន្តថា “ក្រៅពីនេះក៏ត្រូវសិក្សាពីទីតាំងនៃលំនៅឋាន ដែលយើងបម្រុងនឹងទិញផងដែរ។ ត្រូវសិក្សាពីទីតាំងនោះមានសុវត្ថិភាពដែរទេ តំបន់នោះមានសក្ដានុពលកម្រិតណា ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ឬតំបន់លំនៅឋាន សម្រាប់តែរស់នៅទេ។ ទី៤ ទាក់ទងនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវតែគិតគូរដែរ ដូចជាប្រព័ន្ធ ផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូ ជាដើម”។

អ្នកនាងថា “ចំណែកកត្តាសំខាន់មួយទៀត ដែលគួរសួរនាំដែរនោះ គឺលក្ខខណ្ឌបង់ប្រាក់។ ទោះបីជាអ្នកមានលុយ១០០ភាគរយទៅបង់ ក៏គួរពិចារណាដែរ បើសិនជាម្ចាស់អភិវឌ្ឍន៍បុរីនោះមានលក្ខខណ្ឌ ក្នុងការសម្រួលដល់អ្នកទិញ”។

អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពាក់ព័ន្ធនឹងការទិញផ្ទះ ដោយបង់រំលស់ដោយមិនគួរបង់ឱ្យលើស៣០ភាគរយ នៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឡើយ។

លោកលើកឧទាហរណ៍ថា ចំណូលទាំងប្តី ប្រពន្ធ មានត្រឹម១០០០ដុល្លារ ការទិញផ្ទះបង់រំលស់គួរបង់យ៉ាងច្រើន៣០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ដោយទុកចំណែកផ្សេងទៀត សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ និងការចំណាយប្រចាំថ្ងៃ ដូចជា ថ្លៃសិក្សារបស់កូន ចំណាយអាហារសម្លៀកបំពាក់ និងថ្លៃសម្រាប់ទុកព្យាបាល ពេលមានជំងឺ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here