អ្នកជំនាញៈ គម្រោងខ្សែក្រវាត់និងផ្លូវចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

0

ដោយ: លាងហួរ

ភ្នំពេញ: លោក សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន បានចូលរួមចំណែកយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ថ្លែងក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជាលើកទី២ កាលពីថ្ងៃពុធម្សិលមិញនេះ លោក សុខ ស៊ីផាណា បានមានប្រសាសន៍ថា កម្ពុជាបានកសាងកិច្ចសហប្រតិបត្តិការល្អជាមួយចិន​ តាមរយៈគម្រោង ដែលបានជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  រោងចក្រថាមពលធ្យូងថ្មខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។

លោកបានបន្ថែមថា “ទាក់ទងនឹងការពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្រុងព្រះសីហនុ ពិតជានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅក្នុងសមត្ថភាពផលិតកម្ម និងជួយពន្លឿនការអភិវឌ្ឍទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា​។

លោក សុខ ស៊ីផាន់ណា បានបន្តថា ប្រទេសកម្ពុជា និងចិនបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាយ៉ាងរឹងមាំក្នុងកាលៈទេសៈដ៏ល្អ និងលំបាកជាមួយគ្នា អស់ជាច្រើនទសវត្សរ៍មកហើយ។ លោកថា “រយៈពេល៣ឆ្នាំចុងក្រោយនៃជំងឺកូវីដ-១៩ គឺពិតជាពេលវេលាសាកល្បងដ៏ពិតប្រាកដ នៃទំនាក់ទំនងរបស់យើង ហើយលោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់យើងនឹងបន្តរីកចម្រើន និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ទាក់ទងនឹងសន្តិភាពយូរអង្វែងស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល”។

លោកបានបន្ថែមថា “ឱកាសអាជីវកម្មគឺគ្មានដែនកំណត់ ផ្តល់ឱ្យក្រុមហ៊ុនកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីយន្តការនាំចេញរបស់ចិនជាច្រើន ដូចជា ពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេសចិន ពិព័រណ៍នាំចូល និងនាំចេញរបស់ចិន និងពិព័រណ៍អាស៊ាន-ចិន”។

 

ជាមួយគ្នានេះ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមហត្ថលេខាពីរចុងក្រោយរបស់ចិន គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI)៕

LEAVE A REPLY

Please enter your comment!
Please enter your name here