រដ្ឋមន្រ្តីបរិស្ថានៈ ការកំណត់ទស្សនវិស័យច្បាស់លាស់ដើម្បីអភិវឌ្ឍន៍ស្រុកវាលវែងជាកត្តាចាំបាច់

0

ដោយៈ គង់ សូរិយា

       ពោធិសាត់ៈ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។

ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះលោក ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិ​បាលខេត្តពោធិ៍សាត់ ក៏ដូចជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។

ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។

ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗ គ្រប់កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ជាដើម។

លោកសាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេសយកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាប ដល់មូលដ្ឋាន ក៏ដូចជា មន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។

លោក​បានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូល  ដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here