ក្រុមហ៊ុនធំមួយរបស់អូទ្រីសគ្រោងវិនិយោគលើកន្រ្តកខ្សែរ៉តនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍

0

ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ក្រុមហ៊ុនធំមួយរបស់ប្រទេសអូទ្រីស Doppelmayr Group ដែលមានបទពិសោធន៍វិនិយោគលើកន្រ្តកខ្សែរ៉ត បានចាប់អារម្ម​ណ៍​វិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

ព៌តមាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបរវាង លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស។

លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនអ្នកគ្រប់​គ្រងក្រុមហ៊ុនស្តីពី គម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេស​ចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន៣៣ក្រុមហ៊ុន គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។

ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគ ពីក្រសួងបរិស្ថានចំនួន៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សា តាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្ត ចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត បានធ្វើការណែនាំឱ្យក្រុមហ៊ុន ធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោកMartin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ ដោយលោកបានឲ្យដឹងថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេស ទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគ លើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោលខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេ នៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យ ធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនផងដែរ”។ លោកបន្តថា “ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉ក នៅលើប្រទេសចំនួន៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉ក ដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here