ក្រសួងពាណិជ្ជកម្មកំពុងជួយអ្នកនៅក្នុងSMEដើម្បីជួបវិនិយោគិនមូលធនដើម្បីអាចរកប្រភពទុនបន្ថែម

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា”។

គំរោងនេះជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM)។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ី នៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” គម្រោង Go4eCAM ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍នៃការសិក្សា អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ី វិនិយោគិនមូលធននៅកម្ពុជា ក៏ដូចជា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការចាប់យកឱកាស ក្នុងការទទួលបានហិរញ្ញប្បទានពីប្រភពទុនទាំងក្នុងស្រុក និងបរទេស ដើម្បីសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសមត្ថភាព អាចនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សមាសភាគនេះ របស់គម្រោងGo4eCAM គឺផ្តោតសំខាន់ទៅលើការនាំសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជួបជាមួយនឹងវិនិយោគិនមូលធន ដើម្បីផ្តល់ឱកាសដល់សគ្រាសធុនតូច និងមធ្យមកម្ពុជាស្វែងរកទុនបន្ថែម ក្នុងការពង្រីកអាជីវកម្ម និងគាំទ្រដល់ការឈានឆ្ពោះ ទៅរកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្តោតលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការច្នៃប្រឌិតបែបឌីជីថល។

លោកជំទាវតឹករ៉េក កំរ៉ង បានលើកឡើងអំពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង ផ្នែកការវិនិយោគមូលធន និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការទទួលបានហិរញ្ញប្បទាន ដែលជាសកម្មភាពការងារអាទិភាពមួយ របស់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុង “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣” និង “យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

លោកជំទាវរដ្ឋលេខាធិការ សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី នៃការវិនិយោគមូលធន ដែលមានសារៈសំខាន់ ក្នុងការបង្កើនការទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here