ក្រុមហ៊ុន Evergrande កំពុងចរចាជាមួយក្រុងវូហាន ដើម្បីស្នើសុំដីរាប់សែនហិកតារបស់ខ្លួនត្រលប់មកវិញ

0

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងបំណុល China Evergrande Group កំពុងទំនាក់ទំនងសុំចរចាជាមួយសង្កាត់មួយក្នុងក្រុងវូហាន (Wuhan) ដើម្បីស្នើសុំដីទំហំ១៣៤.៥០០ហិកតា ដែលធ្លាប់កាន់កាប់ដោយបុត្រសម្ព័ន្ធមួយរបស់ខ្លួនត្រលប់មកវិញ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យផែនការ និងធនធានធម្មជាតិនៃសង្កាត់ Jiangxia បានបង្ហាញថា រដ្ឋបាលសង្កាត់ដែលស្ថិតនៅកណ្តាលក្រុងWuhanនេះ បានដកហូតសិទ្ធិប្រើប្រាស់ដី នៅលើទីតាំងដែលមិនទាន់បានអភិវឌ្ឍន៍ ក្នុងគម្រោងទីក្រុងទេសចរណ៍បច្ចេកវិទ្យា Evergrande Technology Tourism City Project របស់ក្រុមហ៊ុន Evergrande កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

ក្រុមហ៊ុន Evergrande និយាយថា ខ្លួនកំពុងទំនាក់ទំនងសុំចរចាជាមួយរដ្ឋបាលសង្កាត់Jiangxia ហើយ “នឹងដាក់សំណើសុំឱ្យរដ្ឋបាលសង្កាត់ពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន”។

ក្រុមហ៊ុនបញ្ជាក់ថា រដ្ឋបាលសង្កាត់នេះ បានដកហូតសិទ្ធិប្រើប្រាស់ដីរបស់ខ្លួន លើដីតែចំនួន១១ក្បាលដី ដែលស្ថិតក្រោមគម្រោងប៉ុណ្ណោះ ហើយមិនពាក់ក្បាលដីផ្សេងទៀត របស់គម្រោងនេះឡើយ ខណៈគម្រោងនេះ មានក្បាលដីសរុបចំនួន២៤ក្បាលដី។

ក្រុមហ៊ុន Evergrande ដែលជាប់បំណុលរហូត ដល់ទៅ៣០០ពាន់លានដុល្លារអាមេរិក ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសចិន កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ មានបំណងចាប់ផ្តើមការចរចា រៀបចំឥណទានឡើងវិញនៅខែក្រោយ ហើយកំពុងរៀបចំប្រមែប្រមូលទ្រព្យសកម្ម ក្នុងស្រុកឱ្យស្រួ​លបួល ដើម្បីឱ្យម្ចាស់អ្នកកាន់មូលបត្របំណុលរបស់ខ្លួន មានទំនុកចិត្តជាងមុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here