ប្រទេសអូស្ត្រាលីចាប់ដៃគូធ្វើការជាមួយកម្ពុជាដើម្បីធ្វើបច្ចុប្បន្នភាពគុណភាពហេដ្ឋារចនាសម្ព័ន្ឋ

0

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសអូស្ត្រាលីបានចាប់ដៃគូសហការ ជាមួយក្រសួងសំខាន់ៗរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់ជំនាញរបស់ទីភ្នាក់ងារ រដ្ឋាភិបាលអូ  ស្ត្រាលី។

យោងតាមប្រភពស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា ជំនួយនេះត្រូវបានផ្តល់ តាមរយៈកម្មវិធីភាពជាដៃគូក្នុងតំបន់ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ(P4I)ចំនួន១២០លានដុល្លាររបស់ប្រទេសអូស្ត្រាលី ។

នាពេលថ្មីៗនេះ នាយកប្រតិបត្តិ ក្រុមហ៊ុនAustroads លោក Dr. Geoff Allan បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួ​យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពស្តង់ដារ នៃការរចនាផ្លូវថ្នល់ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា “ស្តង់ដារទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដែលរួមបញ្ចូលទាំងការគិតគូរលើសមភាពយេនឌ័រ ពិការភាព និងសង្គមផងដែរ”។

យោងតាមស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ជំនួយនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការជួយដល់អាស៊ានក្នុងការសម្រេចបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាពក្នុងវិស័យដឹកជញ្ជូន ថាមពល ឧបករណ៍ប្រើប្រាស់ និងទូរគមនាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here