ខេត្តកំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគរោងចក្រថ្មីៗចំនួន៧ ផ្តល់ការងារដល់ប្រជាពលរដ្ឋជាង១៨០០នាក់

0

ដោយ៖ សុផារី

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ បន្តស្រូបបានការវិនិយោគលើគម្រោងរោងចក្រឧស្សាហកម្មកាន់តែច្រើន ដោយក្នុងឆ្នាំ២០២២នេះ ខេត្តសក្តានុពលឧស្សាហកម្មមួយនេះបានទាក់ទាញគម្រោងរោងចក្រចំនួន៧បន្ថែមទៀត ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋច្រើនពាន់នាក់។

លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឱ្យដឹងថា ខេត្តកំពង់ស្ពឺនៅតែមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញគម្រោងរោងចក្រសហគ្រាសថ្មីៗ។

លោកបានមានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ដោយសារមូលដ្ឋានសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធមានភាពងាយស្រួល ក្នុងការតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ និងតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ធ្វើឱ្យខេត្តកំពង់ស្ពឺទាក់ទាញគម្រោងវិនិយោគរោងចក្រសហគ្រាសចំនួន៧ ដែលផ្តល់ការងារប្រមាណ២ពាន់នាក់ ដល់ប្រជាពលរដ្ឋ គិតចាប់ពីដើមខែមករា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកំពង់ស្ពឺនឹងមានការអភិវឌ្ឍខ្លាំង ហើយទាក់ទាញបានគម្រោងវិនិយោគផ្សេងៗកាន់តែច្រើន នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញ ហើយសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពប្រសើរឡើង ដូច្នេះប្រទេសកម្ពុជាបាន និងកំពុងក្លាយជាទីតាំងមួយ ដែលឋិតនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគ និងធុរជនអន្តរជាតិ។

លោកបានបន្តថា ជាពិសេស ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានរួចរាល់ហើយកាលពីដើមឆ្នាំ២០២២ បូករួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូខាងមុខ ព្រមទាំងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)  នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានភាពទាក់ទាញខ្លាំង សម្រាប់ការដាក់ទីតាំងរោងចក្រសហគ្រាស ដោយសារកម្លាំងពលកម្មថោក ហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពប្រសើរឡើង និងបរិយាកាសវិនិយោគកាន់តែត្រូវបានកែសម្រួលល្អប្រសើរបន្តិចម្តងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here