រយៈពេល២៨ឆ្នាំ ខេត្តព្រះសីហនុទទួលបានក្រុមហ៊ុនជិត២០០ចូលទៅវិនិយោគ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សក្ដានុពលនៃខេត្តព្រះសីហនុជាខេត្តមួយបានទាក់ទាញឱ្យមានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនក្នុង និងក្រៅប្រទេស។ ក្នុងរយៈពេល២៨ឆ្នាំ មានក្រុមហ៊ុនប្រមាណជិត២០០ក្រុមហ៊ុន ចូលទៅបណ្ដាក់ទុនវិនិយោគ និងបានផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះគួរឱ្យកត់សម្គាល់។

លោកឯក ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់វិនិយោគិនមកពីប្រទេសអូទ្រីស កាលពីពេលថ្មីៗនេះថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២នេះ ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន១៩៩ក្រុមហ៊ុន បានបណ្ដាក់ទុនវិនិយោគ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យទេសចរណ៍មានចំនួនច្រើនជាងគេ រហូតដល់៨៤ក្រុមហ៊ុន ហើយក្នុងចំណោមនោះ មាន៨១គម្រោង ជាគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ដែលមានទំហំដីក្រោម១០ហិចតា។

ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា ចាប់ផ្ដើមក្នុងរយៈប្រមាណ៤ទៅ៥ឆ្នាំចុងក្រោយនេះ ជាពិសេសការវិនិយោគមកពីប្រទេសចិន។ សំណង់អគារច្រូងច្រាងបានលេចរូបរាងឡើងនៅក្នុងខេត្តតំបន់សមុទ្រមួយនេះ ប៉ុន្តែគម្រោងមួយចំនួនត្រូវបានជួបប្រទះនឹងបញ្ហា ចាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ។

រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគោលដៅនៃការអភិវឌ្ឍ ដោយរដ្ឋាភិបាលបានសាងសង់ និងលើកកម្ពស់ផ្លូវតភ្ជាប់ ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តមាត់សមុទ្រទាំងនោះ និងសាងសង់ផ្លូវជាច្រើនខ្សែក្នុងតំបន់សមុទ្រ។ ជាក់ស្ដែង ក្នុងខេត្តព្រះសីហនុមានផ្លូវខ្វាត់ខ្វែងទើបសាងសង់រួច និងកំពុងមានការទាក់ទាញកាន់តែខ្លាំង ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ អ្វីដែលពិសេសទៀតនោះ គឺផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបើកដំណើរការ ដែលជាការរំពឹងខ្ពស់ពីការហូរចូលនៃការវិនិយោគពីបរទេសបន្ថែមទៀត ទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ។

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងថា ខេត្តព្រះសីហនុនៅតែជាគោលដៅវិនិយោគរបស់វិនិយោគិនបរទេស ជាពិសេសចិន ហើយខេត្តនេះនឹងមានការវិនិយោគឡើងវិញនៅពេលឆាប់ៗនេះ។

 

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ដោយសារតែស្ថានភាពនៃវិបត្តិ ទើបរយៈពេលប្រមាណពីរឆ្នាំនេះ ខេត្តព្រះសីហនុ ក៏ដូចជាបណ្ដាខេត្តនៅកម្ពុជា មិនសូវមានការបណ្ដាក់ទុនវិនិយោគថ្មីៗ ហើយគម្រោងវិនិយោគ ដែលបានដាក់ទុន និងដំណើរការក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគរបស់វិនិយោគិនក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here