ក្រុមហ៊ុន VinFast របស់ប្រទេសវៀតណាមនាំចេញរថយន្តអគ្គិសនីជាលើកដំបូងទៅកាន់សហរដ្ឋអាមេរិក

0

ដោយ: លាងហួរ

ហាណូយ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនបានដឹកជញ្ជូនរថយន្តចំនួន៩៩៩គ្រឿងដំបូង ទៅកាន់សហរដ្ឋអាមេរិក ដោយកំណត់ការដេញថ្លៃរយៈពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងប្រទេស សម្រាប់នាំចេញទៅកាន់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។

ក្រុមហ៊ុន​នេះបាន​បន្ត​ឱ្យដឹងថា រថយន្ត​ដំបូង​គេ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ប្រគល់​ជូន​អតិថិជន​នៅ​ដំណាច់ខែ​ធ្នូខាងមុខនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន VinFast លោក Le Thi Thu Thuy បានមានប្រសាសន៍ថា រថយន្តអគ្គិសនី SUVs VF 8 មួយចំនួន ដែលត្រូវបានដឹកជញ្ជូននៅថ្ងៃសុក្រនេះ នឹងត្រូវបានបញ្ជូនទៅដល់សេវាកម្មជាវរថយន្តរបស់សហរដ្ឋអាមេរិក Autonomy ប៉ុន្តែភាគច្រើនរថយន្តទាំងនេះនឹងទៅដល់ដៃក្រុមអតិថិជនទិញរាយ ដែលបានបញ្ជាទិញ។

លោក Thuy បានបន្តថា ក្រុមហ៊ុន VinFast រំពឹងថា នឹងអាចដឹកជញ្ជូនរថយន្តក្រុមទី២ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដំបូងរបស់ខ្លួន នៅខែមករាខាងមុខនេះ។

ក្រុមហ៊ុន VinFast កំពុងស្ថិតក្នុងដំណើរការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅរដ្ឋ North Carolina ដែលកំពុងរង់ចាំសេចក្តីអនុម័តបទប្បញ្ញត្តិចុងក្រោយពីមន្ត្រីក្នុងតំបន់។

លោក Thuy បានបន្ថែមថា ក្រុមហ៊ុនគ្រោងចាប់ផ្តើមផលិតកម្មនៅរោងចក្រ ក្នុងរដ្ឋ North Carolina ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ហើយរថយន្តអគ្គិសនី ដែលផលិតនៅទីនោះ នឹងមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ទទួលបានការលើកទឹកចិត្ត ក្រោមលក្ខខណ្ឌនៃច្បាប់កាត់បន្ថយអតិផរណា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។

ច្បាប់កាត់បន្ថយអតិផរណានេះ តម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តនានា ប្រើប្រាស់សារធាតុរ៉ែសំខាន់ៗចំនួន៥០ភាគរយ ក្នុងអាគុយ EV ដែលរ៉ែទាំងនោះត្រូវនាំមកពីអាមេរិកខាងជើង ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ ដោយកើនឡើងដល់៨០ភាគរយ នៅដំណាច់ឆ្នាំ២០២៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here