អ្នកជំនាញ៖ ការធ្វើពិពិធកម្មទំនិញនិងទីផ្សារនាំចេញជំរុញកំណើនសេដ្ឋកិច្ចរក្សាបានស្ថិរភាព

0

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើពិពិធកម្មទំនិញសម្រាប់នាំចេញ និងទីផ្សារ មានសារៈសំខាន់ សម្រាប់រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅ។

លោក ស៊ាន មនោរិទ្ធ សេដ្ឋកិច្ចវិទូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពី “ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី២៤ ខែវិច្ឆិកាថា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ជាទូទៅមានមូលដ្ឋានសេដ្ឋកិច្ចតូចជាង ជាមួយនឹងផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដែលមានពិពិធកម្មសេដ្ឋកិច្ចធំជាង។

លោកបន្តថា ដូច្នេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃកត្តាហានិភ័យខាងក្រៅ។

លោកលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការនាំចេញរបស់ប្រទេសបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីនិន្នាការ ដែលកំពុងរីកចម្រើន នៅក្នុងវិស័យផលិតកម្ម។ ផលិតផលវាយនភណ្ឌ បានក្លាយទៅជាកន្លែងឈរជើងដ៏យូរអង្វែង នៃការនាំចេញរបស់ប្រទេស ដែលស្មើនឹងជាង ៧០ភាគរយ នៃការនាំចេញរបស់ប្រទេស។

បើតាមសេដ្ឋកិច្ចវិទូ បញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលនៅសេសសល់ ក្នុងចំណោមបញ្ហាជាច្រើនទៀត គឺការចំណាយខ្ពស់ក្នុងការធ្វើអាជីវកម្ម ពលកម្មជំនាញទាប បរិយាកាសធុរកិច្ចមិនល្អ ដែលរារាំងទំនាក់ទំនង រវាង FDI និងក្រុមហ៊ុនក្នុងស្រុក និងការទទួលយកឌីជីថលទាប។

លោកបន្ថែមថា បញ្ហាទាំងនេះ គួរត្រូវបានលើកឡើង និងដោះស្រាយ ដើម្បីធានាបានពីពីការធ្វើពិពិធកម្មទំនិញ និងទីផ្សាររបស់កម្ពុជា សំដៅដល់កំណើនសេដ្ឋកិច្ច មានចីរភាព និងភាពធន់។ ដើម្បីពន្លឿន និងកសាងមាគ៌ានៃកំណើនមានភាពធន់ ជាពិសេសនៅក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ បញ្ហាប្រឈមរ៉ាំរ៉ៃទាំងនេះគួរត្រូវបានដោះស្រាយតាមពហុវិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here