ប្រទេសអឺរ៉ុបឈ្លោះប្រកែកគ្នាជុំវិញការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ខណៈសហរដ្ឋអាមេរិកកំពុងចំណេញពីការនាំចេញប្រេងទៅអឺរ៉ុប

0

ដោយ: លាងហួរ

អឺរ៉ុប: បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបបានបែកបាក់គ្នា ជុំវិញការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ខណៈបណ្តាប្រទេសទាំងនេះមានការប្រុងប្រយ័ត្ន ចំពោះការពិតដែលថា ការបញ្ចុះបញ្ចូលរបស់អាមេរិកឱ្យ EU ដាក់ទណ្ឌកម្មលើរុស្ស៊ី គឺគ្រាន់តែដើម្បីបង្កើនប្រាក់ចំណេញ សម្រាប់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Global Times កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ប្រសិនបើតម្លៃប្រេងត្រូវបានកំណត់ពិតមែននោះ ទាំងរុស្ស៊ី និងអឺរ៉ុបនឹងរងទុក្ខ ហើយសហរដ្ឋអាមេរិកនឹងក្លាយជាប្រទេសតែ១គត់ ដែលទទួលបានផលប្រយោជន៍។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលសហភាពអឺរ៉ុបបានជំទាស់លើការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីរារាំងលទ្ធភាពរុស្ស៊ី លើការផ្តល់ហិរញ្ញប្បទានដល់ការធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

គណៈកម្មាធិការអឺរ៉ុប ប្រធានាធិបតីឆេក ប្រធានាធិបតីអាមេរិក និងក្រុមប្រទេស G7 ព្រមទាំងប្រទេសអាល្លឺម៉ង់បានជួបពិភាក្សាគ្នា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា និងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការកំណត់តម្លៃចូលជាធរមាន នៅថ្ងៃទី០៥ ខែធ្នូខាងមុខ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់វិមានក្រឹមឡាំង ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមិនមានគម្រោងផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់ប្រទេសណា ដែលគាំទ្រលើការកំណត់តម្លៃប្រេងរបស់ខ្លួននោះទេ។

លោក Li Haidong សាស្ត្រាចារ្យមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា ការបែកបាក់របស់សហភាពអឺរ៉ុប គឺអាចព្យាករណ៍បានទាំងស្រុង ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ខែទី៩ហើយ។ ចំណែកឯបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប កាន់តែយល់ច្បាស់ថា សហរដ្ឋអាមេរិកកំពុងលួងលោមពួកគេ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាតាមរយៈការនាំចេញប្រេង ទៅកាន់អឺរ៉ុប ដើម្បីទទួលបានផលចំណេញយ៉ាងច្រើន។

សហរដ្ឋអាមេរិកបាននឹងកំពុងនាំចេញបរិមាណប្រេងឆៅ និងផលិតផលប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ នាពេលថ្មីៗនេះ ហើយអឺរ៉ុបបានក្លាយជាគោលដៅសំខាន់ សម្រាប់ការនាំចេញទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here