តើរាជដំណាក់នៃព្រះចៅស៊ូតង់ព្រុយណេប្រណីតអស្ចារ្យនិងចំណាយប្រាក់សន្ធឹកសន្ធាប់ប៉ុនណាក្នុងការសាងសង់?

0

សុខុម

ព្រុយណេ: ព្រះចៅស៊ូតង់ Hassanal Bolkiah ដែលជាព្រះមហាក្សត្រ និងជានាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ មានព្រះកិត្តិស័ព្ទល្បីរន្ទឺពាសពេញពិភពលោក ហើយមនុស្សមិនតិចលាននាក់ឡើយដែលកោតស្ញប់ស្ញែញយ៉ាងខ្លាំងចំពោះទ្រង់ ដែលមានវាសនាខ្ពស់រស់សោយសុខលើគំនរមាសពេជ្រដ៏មហាសាលក្នុងព្រះរាជដំណាក់ដ៏ស្កឹមស្កៃ និងប្រណីតអស្ចារ្យ។

ទោះជាយ៉ាងណា មានមនុស្សច្រើនណាស់ដែលមិនបានដឹងលម្អិតអំពីព្រះរាជដំណាក់ដ៏ធំស្កឹមស្កៃ និងប្រណីតអស្ចារ្យរបស់ទ្រង់ដែលស្ថិតនៅមាត់ច្រាំងទន្លេ Brunei River ក្នុងប្រទេសព្រុយណេ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ព្រះរាជដំណាក់ Istana Nurul Iman Palace នៃព្រះចៅស៊ូតង់ព្រុយណេ Hassanal Bolkiah មានផ្ទៃក្រឡាសរុបរហូតដល់ទៅ២០០.០០០ម៉ែត្រការ៉េ និងជាប់ឈ្មោះក្នុងកំណត់ត្រាហ្គីពិភពលោក Guinness Book of World Records ជាព្រះរាជដំណាក់ដែលធំស្កឹមស្កៃបំផុតក្នុពិភពលោក។

យោងតាមគេហទំព័រ Wikipedia បង្ហាញថា ព្រះរាជដំណាក់នេះគឺជាកន្លែងគង់ប្រថាប់ផ្លូវការរបស់ព្រះចៅស៊ូតង់ និងជាវិមានរដ្ឋាភិបាលផងដែរ។

ព្រះរាជដំណាក់នេះត្រូវបានរចនាប្លង់ដោយលោកស្រី Khuan Chew ដែលជាស្ថាបត្យករដ៏ល្បីល្បាញមានដើមកំណើនចិន មកពីក្រុមហ៊ុនស្ថាបត្យកម្ម Design Principal of KCA International មាននូលដ្ឋាននៅទីក្រុងឡុងឌ៍ ប្រទេសអង់គ្លេស ដែលបានបន្យល់ស្នាដៃជាច្រើនរួមទាំងអគារសណ្ឋាគាររាងទូកក្ដោងលំដាប់ផ្កាយ៧ Burj Al Arab នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ផងដែរ។

ក្រុមហ៊ុនសាងសង់មួយនៅអង់គ្លេស មានឈ្មោះថា Ayala Abbott and Butters ជាអ្នកទទួលសាងសង់ព្រះរាជដំណាក់នេះ ហើយការសាងសង់បានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៨៤ ជាមួយនឹងថ្លៃចំណាយសរុបរហូតដល់ទៅប្រមាណ១,៤ពាន់លានដុល្លារអាមេរិក កាលពីសម័យនោះ។

ព្រះរាជដំណាក់ដែលមានការតុបតែង ឬ ដេគ័រយ៉ាងប្រណីតល្អឯកនេះមានបន្ទប់រហូតដល់ទៅ១.៧៨៨បន្ទប់ រួមទាំងបន្ទប់ទឹកចំនួន២៥៧បន្ទប់ សាលជប់លៀងដ៏ធំមួយដែលអាចទទួលភ្ញៀវដល់ទៅ៥.០០០នាក់ និងព្រះវិហារអ៊ីស្លាម មួយដែលអាចទទួលបរិស័ទបាន១.៥០០នាក់ផងដែរ។

លើសពីនេះ ព្រះរាជដំណាក់នេះក៏មានហ្គារ៉ាសរថយន្តយ៉ាងធំសម្បើមផងដែរ ពីព្រោះទ្រង់មានរថយន្តប្រណីតៗផ្ទាល់ព្រះកាយរបស់ព្រះអង្គដូចជារថយន្ត Rolls-Royce រថយន្ត Ferrari ចំនួន៤៥០គ្រឿង និងរថយន្ត Bentley ចំនួន៣៨០គ្រឿង ពោលគឺសរុបជិត៨០០គ្រឿង ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ទៅ២៨ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here