FIFA World Cup ឆ្នាំ២០២២ នៅកាតា បានជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងតំបន់ហក់ឡើងថ្លៃខ្លាំង

0

ដោយៈ សុខុម

រីយ៉ាដ: មុនពេលព្រឹត្តិការណ៍បាត់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅក្នុងប្រទេសកាតាចាប់ផ្ដើម តម្លៃអចលនទ្រព្យបានហក់ឡើងថ្លៃស្រឺតៗក្នុងប្រទេសនេះ និងបណ្ដាប្រទេសជិតខាងខ្លួន ខណៈតម្រូវការកើនឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា។

ប្រិយមិត្តខ្លះប្រហែលជាដឹងហើយថា ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នៅក្នុងប្រទេសកាតា គឺជាលើកដំបូងបង្អស់ មិនធ្លាប់មានដែលត្រូវបានរៀបចំឡើង នៅក្នុងពិភពលោកអារ៉ាប់ទាំងមូល។

អំឡុងពេលនៃការប្រកួតបាល់ទាត់ពិភពលោកនេះ FIFA Tournament Time Demand Model (TTDM) បានព្យាករថា នឹងមានអ្នកគាំទ្រ លើសពី១,៧លាននាក់ទៅលេងប្រទេសកាតា ដែលជាម្ចាស់ផ្ទះ World Cup។

អាស្រ័យហេតុនេះ ភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសកាតា ដែលមានប្រជាជនត្រឹមតែ២,៨លាននាក់ មានការព្រួយបារម្ភចំពោះការស្នាក់នៅ ឬ អ្នកខ្លះចង់ស្នាក់នៅ ក្នុងបណ្ដាប្រទេសជិតខាងរបស់កាតាច្រើនជាង។

ទោះបីជាមានការព្រួយបារម្ភយ៉ាងណាក្ដី ក៏អ្នករៀបចំកម្មវិធីបានធានាអះអាងថា នឹងមានកន្លែងស្នាក់នៅគ្រប់គ្រាន់ សម្រាប់អ្នកគាំទ្រទាំងអស់។

បន្ទប់សណ្ឋាគាររាប់ម៉ឺនបន្ទប់ ដែលFIFAបានកក់ទុក ត្រូវបានបញ្ចេ​ញកាលពីពេលថ្មីៗនេះ ដើម្បីសម្រាលការខ្វះខាតបន្ទប់ ដែលអាចជួយឱ្យថ្លៃជួលធ្លាក់ចុះ។

អាជ្ញាធរបានបន្តផ្តល់លំនៅដ្ឋាន ដល់អ្នកគាំទ្របាល់ទាត់ពិភពលោកទាំងអស់។ ទោះជាយ៉ាងណា យោងតាមសារព័ត៌មាន Doha News ឱ្យដឹងថា ម្ចាស់ផ្ទះជួលនៅតែឆ្លៀតឱកាសដំឡើងថ្លៃឈ្នូលខ្ពស់កប់ពពក។

សារព័ត៌មាន Doha News បានចុះផ្សាយថា អ្នកស្នាក់នៅកំពុងត្រូវបានបណ្តេញចេញ ឬទាមទារឱ្យចុះកិច្ចព្រមព្រៀងជួលរយៈពេលខ្លី ឬរយៈពេល២៤ខែ ឬសូម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំងទៀតផង។

សារព័ត៌មានដដែលបានបន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក បានធ្វើឱ្យស្ថានភាពខាងលើនេះកើតឡើង ដោយមជ្ឈដ្ឋានជាច្រើនជឿថា ម្ចាស់ផ្ទះជួលកំពុងឆក់ឱកាសដ៏កម្រនេះ ដើម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំង ដែលធ្វើឱ្យស្ថានភាពរស់នៅ របស់អ្នកស្នាក់នៅរយៈពេលវែងជួបការលំបាក៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here