កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនឹងចូលជាធរមាននៅថ្ងៃទី១ធ្នូ ខណៈមន្រ្តីមានសុទិដ្ឋិនិយមពីកំណើនលំហហូរពាណិជ្ជកម្ម

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅទីបំផុតកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ(CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាអ្វីដែលក្រុមមន្រ្តីបានបង្ហាញសុទិដ្ឋិនិយមពីកំនើនលំហូរពាណិជ្ជកម្ម និងការវិនិយោគរបស់កូរ៉េមកកាន់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៩។

លោករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា “កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើតកាលានុវត្តភាពនាំចេញថ្មីៗបន្ថែ​មទៀត”។

កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបានបើកទីផ្សារចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប។ ក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

កម្ពុជាបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េ បានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជា តាមរយៈកំណត់ទូតចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការចូលជាធរមាននៃកិច្ចព្រមព្រៀ​ងសេរីកម្ពុជា កូរ៉េនឹងជួយពង្រីកលំហូរពាណិជ្ជកម្ម កម្ពុជាបន្ថែមទៀត ជាមួយប្រទេសកូរ៉េ ពិសេសការនាំចេញផលិតផលកសិកម្ម ដែលភាគីកូរ៉េបើកចំហរទីផ្សារសំរាប់កម្ពុជាកាន់តែទូលំទូលាយ។

លោកបន្តថា “ផលិតផលកសិកម្ម នឹងមានទីផ្សារធំជាមួយប្រទេសកូរ៉េធៀបជាមួយប្រទេសចិន ដែលនេះជាការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញការនាំចេញ និងលើកកំពស់សេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here