ខុនដូជាជម្រើសល្អបំផុតសម្រាប់ការវិនិយោគដំបូងរបស់ជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអះអាងថា ខុនដូមិនមែនជាទីផ្សារថ្មីសម្រាប់ប្រជាជនកម្ពុជាទៀតនោះទេ ដោយគេសង្គេតឃើញពីកំណើននៃការផ្លាស់ប្តូរនិន្នាការរស់នៅពីរបៀបចាស់ មករស់នៅក្នុងខុនដូច្រើនជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ។

ការណ៍នេះ ជាឱកាសល្អបំផុតសម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ក្នុងការឈានចូលមកចាប់យកចំណែកទីផ្សារ ដែលមានកំណើនខ្ពស់មួយនេះ។

លោក លី អាឡានី អគ្គនាយកក្រុមហ៊ុន Upward Property បានលើកឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាក្នុងវេទិកាស្តីពី ទីផ្សារខុនដូក្នុងទីក្រុងភ្នំពេញថាខុនដូជាជម្រើសដ៏ល្អ សម្រាប់អ្នកវិនិយោគដំបូងក្នុងអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយសារតែមានជម្រើសយ៉ាងច្រើន នៅក្នុងទីតាំងផ្សេងៗ ដែលអ្នកវិនិយោគអាចជ្រើសរើសបាន និងជម្រើសនៃអត្រាតម្លៃផ្សេងៗគ្នាអាស្រ័យតាមកញ្ចប់ថវិកា ក៏ដូចជាឱកាសនៃរបៀបរស់នៅផងដែរ។

លោកបានបន្តថា “ខុនដូក្នុងរាជធានីភ្នំពេញ បើប្រៀបធៀបនឹងជម្រើ​សអចលនទ្រព្យជាប់ដីធម្មតា ខុនដូផ្តល់ផាសុកភាពជាង តម្លៃចាប់ផ្តើមទាបជាង ផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ និងមានអារម្មណ៍ថារស់នៅក្នុងសហគមន៍ ជាពិសេសថែមទាំងផ្តល់មកវិញ នូវផលចំណេញពីការជួលក្នុងអត្រាខ្ពស់ និងកំណើនរយៈពេលវែងលើការវិនិយោគ”។

អ្នកជំនាញរូបនេះលើកឡើងថា ចំណុចសំខាន់ចំនួនពីរ គួរពិចារណា សម្រាប់ការវិនិយោគលើខុនដូ នៅក្នុងក្រុងភ្នំពេញ គឺការជ្រើសរើសទីតាំងដែលរីកចម្រើន និងជ្រើសរើសសហការ ជាមួយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន។

លោកមានប្រសាសន៍បញ្ជាក់ថា “អតិថិជនដែលទិញអចលនទ្រព្យនៅកម្ពុជាចំនួន២០ភាគរយ គឺជាអ្នកក្នុងស្រុក ខណៈជនជាតិចិនស្ថិតនៅក្នុងអត្រាចំនួន១៥ភាគរយ ហើយក្រៅពីនេះជាងពាក់កណ្តាលទៀត គឺអតិថិ​ជន មកពីសហរដ្ឋអាមេរិក សិង្ហបុរី អង់គ្លេស ជប៉ុន និងអឺរ៉ុប។ ហើយតម្លៃលំនៅឋាននៅកម្ពុជានៅមានតម្លៃសមរម្យ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់”។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា កំណើនប្រជាសាស្រ្តនៅក្នុងទីក្រុងភ្នំពេញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងក្នុងរយៈពេលខាងមុខ នឹងជំរុញឱ្យប្រជាជនភាគច្រើន ជាពិសេស ប្រជាជនជំនាន់ថ្មីងាកមករស់នៅក្នុងខុនដូ ច្រើនជាងការរស់នៅក្នុងប្រភេទបុរី។

លោកពន្យល់ថា “ហេតុផលគឺដោយសារ តែមានទីតាំងនៅក្នុងក្រុង ងាយស្រួលក្នុងការធ្វើដំណើរ និងចំណេញពេលវេលា និងថវិកាជាដើម ជាពិសេសការរស់នៅក្នុងខុនដូ ផ្តល់ជូននូវសេវាកម្មពិសេសដូចជា សន្តិសុខ និងសេវាកម្មដែលបំរើ ឲ្យមានផាសុខភាពក្នុងការរស់នៅជាច្រើនទៀត ដែលប្រជាជនមិនអាចរកបាននៅក្នុងការរស់នៅក្នុងបុរី”។

ជាមួយគ្នានេះ លោកបណ្ឌិតBen Liអគ្គនាយកក្រុមហ៊ុនUrban Village ជាគំរោងខុនដូដ៏ធំ ស្ថិតនៅលើបណ្តោយមហាវិថីសម្តេចតេជោបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ជនបរទេស ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចិន ហុងកុង សិង្ហបុរី ជាដើមមានទំនោររស់នៅក្នុងខុនដូ ហើយមិនសូវចូលចិត្តរស់នៅក្នុងលំនៅឋានជាប់ដីនោះទេ។

លោកថា “យើងអាចមើលឃើញថា ក្រុមអតិថិជនទាំងនោះមិនចូលចិត្តរស់នៅក្នុងបុរីនោះទេ ពួកគាត់វិនិយោគលើតែខុនដូតែប៉ុណ្ណោះ ដោយ​សារពួកគាត់អាចទទួលបានផលចំណេញពីការជួល”។ លោកបន្តថា “ការវិនិយោគលើប្រភេទខុនដូ នៅក្នុងទីក្រុងភ្នំពេញ មិនត្រឹមតែផ្តល់មកវិញនូវផលចំណេញខ្ពស់ លើការជួលនិងCapital Gainប៉ុណ្ណោះទេ ហើយយើងសង្គេតឃើញថា កំណើនតម្លៃជារៀងរាល់ឆ្នាំមានកម្រិតខ្ពស់ណាស់”។

អ្នកអភិវឌ្ឍន៍រូបនេះបានបន្ថែមថា សព្វថ្ងៃនេះ ប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំខ្លាំង ជាហេតុធ្វើឱ្យរូបិយប័ណ្ណផ្សេងៗមានការធ្លាក់ចុះ។ ការប្រើប្រាស់ប្រាក់ដុល្លាររបស់កម្ពុជា ជាចំណុចល្អមួយ ដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់ជនជាតិបរទេស ហើយពួគគេជាច្រើនបានសម្រេចចិត្តបោះទុនមករកស៊ី និងវិនិយោគនៅទីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here