ដោយៈ គង់ សូរិយា
កែបៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកែបបានដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីមួយ ដែលជាប៉មកំពស់១២ម៉ែត្រសំរាប់គយគន់ទេសភាពសមុទ្រ និងបណ្តាកោះនានាយ៉ាងស្រស់ត្រកាល។
ពិធីសម្ភោធនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ក្រោមវត្តមានលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកមបណ្ឌិត សោម ពិសិដ្ឋអភិបាលនៃគណអភិបាលខេត្តកែប។
លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ប៉មមើលទេសភាព នេះថាជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។
លោកបន្តថា “ប៉មមើលទេសភាពនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ និងបន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់”។
លោកសោម ពិសិដ្ឋបានបន្តថា ប៉មមើលទេសភាពនេះ ជាទីតាំងសមុទ្រឈើ ស្ថិតនៅក្នុងឧទ្យានជាតិកែប ដែលមានកំពស់១២ម៉ែត្រ ប៉ុន្តែបើគិតពីនីវ៉ូទឹកសមុទ្រមក គឺមានកំពស់រហូតដល់ជិត១៧០ម៉ែត្រ ដែលអាចមើលឃើញក្រុងកំពត បណ្តាកោះនានា និងទេសភាពដ៏ស្រស់ត្រកាលក្នុងក្រុងកែបទាំងមូលផងដែរ៕