ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់អំពីគម្រោងនេះផងដែរ។
ថ្លែងក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នៅព្រឹកថ្ងៃទី០១ ខែធ្នូនេះ សម្តេចតេជោបានថ្លែងថា នាពេលកន្លងមក សម្ដេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ហើយលោកលើកឡើងអំពីគម្រោងបង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោបានថ្លែងថា “គាត់បានស្នើសុំឱ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនដំឡើងរថយន្ត Toyota ឥឡូវនេះបន្តិចទៀតនៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្ដ Toyota”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែពង្រីក និងរក្សាក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទាក់ទាញក្រុមហ៊ុនមួយចំនួនផ្សេងទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ បានអនុម័តយល់ព្រមឱ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Toyota នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលមានទុនជាង៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង១០០កន្លែង៕