ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

0

ដោយ៖ សហការី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ ២០២២។

កិច្ចប្រជុំនិងវេទិកានេះនឹងមានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ ទីក្រុងក្នុងតំបន់អាស៊ាន និង ក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។

វេទិកា និងកិច្ចប្រជុំខាងលើនេះ នឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនឹងផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here