ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិនិ ត្យលើការងារកែលម្អបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដើម្បីលើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញក្រសួង ក្រុមការងារទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
-->

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសម្រេចបាន គម្រោងកំពុងសិក្សាសមិទ្ធិលទ្ធភាព និងគម្រោងដែលកំពុងអនុវត្តបន្ត ទាក់ទងនឹងការលើកកម្ពស់ទឹកស្អាត និងអនាម័យ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដែលទទួលបានឥណទានសម្បទានពីធនាគារអភិវឌ្ឍអាស៊ី(ADB)។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល លើបទបង្ហាញស្តីពីគម្រោងលើកកម្ពស់ទឹកស្អាត និងអនាម័យ តាមរយៈការសាងសង់ឱ្យមានប្រព័ន្ធចម្រោះទឹកកខ្វក់ និងទឹកភ្លៀង និងការសាងសង់ទីលានចាក់សំរាម នៅតាមបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងជាដើម ដើម្បីលើកម្ពស់អនាម័យ ការទុកដាក់សំរាម និងការបញ្ចេញទឹកសំណល់កខ្វក់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសខេត្តជុំវិញបឹងទន្លេសាប និង តាមបណ្ដោយទន្លេមេគង្គ ឱ្យកាន់តែមានការប្រសើរឡើង។
លោករស់ វណ្ណាបានថ្លែងអំណរគុណ ដល់ក្រុមការងារជំនាញក្រសួង រួមទាំងទីប្រឹក្សាបច្ចេកទេស ក្នុងគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងតាមផែនការ ដែលបានគ្រោងទុករហូតទទួលបាន លទ្ធផលល្អ និងបានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបន្ត ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានគោលដៅរួម ក្នុងការលើកកម្ពស់អនាម័យ និង គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ៕
