ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍រ៉ឹងងមាំផ្ដើមចេញពីការ អភិវឌ្ឍទីក្រុងឆ្លាត

ចែករំលែក

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទីក្រុងគឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។

សម្ដេចជោហ៊ុន សែនបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី ០២ ធ្នូ ២០២២។

សម្តេចបន្តថា “ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាប័ន្នត្រូវផ្ដើមចេញពីការសាងនិងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងចីរភាព”។

សម្ដេចបានមានប្រសាសន៍បន្តថា វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានី អាស៊ាន ដែលយើងតែងរៀបចំឡើងជាទៀតទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាពសុខដុមនីយកម្មរវាងទីក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ។

សម្ដេចបន្តថា ស្ថិតនៅក្នុងបរិការណ៍  ដែលអាស៊ាន និងសកលលោក បាន និងកំពុងជួបបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ទីក្រុងឆ្លាត មានសក្ដានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅ នៃការរៀបចំនគរូបនីយកម្ម ប្រក​បដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេ​សលើកកម្ពសសុខុមានភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោបន្ថែមថា ទីក្រុងឆ្លាតនឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្មនិងការវិនិយោគឱ្យ​កាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេសនិងតំបន់អាស៊ានទាំងមូល ។

កម្ពុជាក៏បាននិងកំពុងជំរុញ ការកសាងទីក្រុងឆ្លាតនៅបណ្ដាខេត្តមួយចំនួនផងដែរ ក្នុងនោះមានខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលខេត្តទាំងពីរនេះ សុទ្ធសឹងតែជាខេត្តមានសក្ដានុពល ក្នុងការវិនិយោគទេស​ចរណ៍ និងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស៕


ចែករំលែក