ការសាងសង់ទីក្រុងនៃសតវត្សរ៍ទី២១ទំនើបជាងគេក្នុងប្រវត្តិសាស្រ្តពិភពលោកគ្មានឧបសគ្គឡើយ

0

ដោយៈ សុខុម

រីយ៉ាដ: មន្ត្រីថ្នាក់កំពូលអះអាងថា NEOM មិនកំពុងប្រឈមការលំបាក ឬឧបសគ្គរារាំងគម្រោងទីក្រុងឆ្លាតវៃដ៏មហស្ចារ្យ The Line មិនឱ្យដំណើរការទៅមុខឡើយ ខណៈអារ៉ាប៊ីសាអូឌីត ប្តេជ្ញាសម្រេចវាឱ្យក្លាយជាការពិត។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Arab News នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) កាលពី២សប្ដាហ៍មុននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Peter Fitzhardinge ប្រធានទីផ្សារទេសចរណ៍នៃគម្រោង NEOM បញ្ជាក់ថា ការងារសាងសង់ក្នុងគម្រោង NEOM កំពុងតែបន្តដំណើរការទៅមុខជាលំដាប់ ហើយគម្រោងThe Line ដែលមានតម្លៃ៥០០ពាន់លានដុល្លារ នឹងក្លាយជាការពិតយ៉ាងប្រាកដ។

ប្រធានទីផ្សាររូបនេះបន្តថា “ការអភិវឌ្ឍកំពុងតែដំណើរការ ហើយ NEOM នឹងក្លាយជាការពិត។ ខ្ញុំរស់នៅក្នុងគម្រោង NEOM ហើយខ្ញុំឃើញការវិវឌ្ឍជារៀងរាល់ថ្ងៃ។ អ្នកត្រូវតែមកកាន់ NEOM ដើម្បីមើលរបៀបរស់នៅបែបថ្ងៃអនាគត”។

គាត់បន្ថែមទៀតថា “ខ្ញុំបានធ្វើដំណើរទៅកាន់គម្រោង The Line។ ខ្ញុំយល់ថា មិនមានឧបសគ្គរាំងស្ទះដល់គម្រោង The Line ឡើយ ព្រោះយើងមានចក្ខុវិស័យ ឆន្ទៈ និងការតាំងចិត្តយ៉ាងមោះមុត។ The Line នឹងក្លាយជាចំណុចស្នូល នៃគម្រោងដែលលាតសន្ធឹង លើផ្ទៃដី២៦.០០០គីឡូម៉ែត្រការ៉េនេះ”។

ក្នុងប្រជុំកំពូលខាងលើ លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ NEOM លើកឡើងថា “ក្នុងគម្រោង The Line យើងចង់ឱ្យមនុស្សម្នាមកមើលពីរបៀប ដែលគេសាងសង់ពហុកីឡដ្ឋាន និងកន្លែងដែលគេសាងសង់វា។ ពហុកីឡដ្ឋានកីឡាក្នុងទីក្រុង NEOM នឹងមានកម្ពស់៣០០ម៉ែត្រ”។

ទីក្រុងឆ្លាតវៃThe Line នឹងត្រូវបានសាងសង់ឡើង ជាទម្រង់ខ្សែបន្ទា​ត់មួយ ដែលគ្របដណ្ដប់ដោយកញ្ចក់ជុំវិញ។ អគារនេះនឹងកម្ពស់៥០០ម៉ែត្រ ទទឹង២០០ម៉ែត្រ និងប្រវែង១៧០គីឡូម៉ែត្រ ហើយអាចឱ្យមនុស្សស្នាក់នៅបានរហូតដល់ទៅ៩លាននាក់៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here