តំបន់ប៉ែកខាងជើងភ្នំពេញនៅមានសក្តានុពលច្រើនលើការអភិវឌ្ឍ តំបន់ពាណិជ្ជកម្មចម្រុះ

0

ដោយៈ សុផារី

ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ កាន់តែបង្ហាញសក្តានុពលខ្ពស់ លើគម្រោងអភិវឌ្ឍលំនៅឋានបែបបុរី វីឡា និងខុនដូឬក្លាយជាតំបន់CBDរួចទៅហើយ។

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញអចលនទ្រព្យមើលឃើញថា នេះជាឱកាសសម្រាប់អ្នកវិនិយោគ លើវិស័យដីធ្លីនៅក្នុងតំបន់នេះ ដើម្បីទទួលបានផលចំណេញនៅពេលក្រោយ។

លោក Jackey Tang CEO គម្រោងបុរីDragon land 598 បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា តំបនភាគខាងជើងមានសក្តានុពលខ្ពស់ខ្លាំង លើការវិនិយោគអភិវឌ្ឍន៍ លើគម្រោងលំនៅឋានប្រភេទបុរី វីឡា និងខុនដូ។

អគ្គនាយកក្រុមហ៊ុនចិននេះថា “ការអភិវឌ្ឍលំនៅឋានបែបបុរី វីឡា និងខុនដូ នៅមានសក្តានុពលច្រើន នៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយសារទីតាំងនេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយថែមទាំងជិតនឹងតំបន់អភិវឌ្ឍថ្មី ដែលក្បែរនឹងស្តាតមរកតតេជោ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ គឺកីឡាស៊ីហ្គេម២០២៣”។

លោកបញ្ជាក់ថា តំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ នៅតែមានឱកាសច្រើន សម្រាប់ការវិនិយោគ ខណៈពេលដែលតម្រូវការជួល និងទិញខុនដូហាក់មានសន្ទុះឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល។

ជាមួយគ្នានេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បើទោះបីមានបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសលក្តី ក៏នៅតំបន់ភាគខាងជើងនៃទីក្រុងភ្នំពេញ នៅតែបន្តទាក់ទាញវិនិយោគិន ដើរស្វែងរកទិញដីធ្លីដដែ​ល ខណៈតម្លៃក៏មិនធ្លាក់ដែរ ម៉្យាងវិញទៀត គម្រោងបុរីនៅតែបន្តរីកសាយភាយ។

បច្ចុប្បន្ននេះ គម្រោងបុរីលំនៅឋានជាច្រើនកំពុងមានវត្តមាន ជាអាទិ៍ បុរីជីបម៉ុង បុរិវិមានភ្នំពេញ បុរី Morgan បុរីឡេងណាវ៉ាត់ត្រា និងគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ា លីយ៉ុងផាត់ និងគម្រោងធំៗផងដែរ។

លោកមានប្រសាសន៍ថា គម្រោងអភិវឌ្ឍទាំងនេះ បានធ្វើឱ្យតំបន់នេះបន្តសាយភាយ និងជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ដែលមានធនធានអាចវិនិយោគលើវិស័យដីធ្លីនៅក្នុងតំបន់នេះ ដើម្បីទទួលបានផលចំណេញនៅពេលក្រោយ។ លោកបញ្ជាក់ថា តម្លៃដីធ្លីនៅតំបន់នេះនៅមានតម្លៃធូរថ្លៃនៅឡើយ បើធៀបជាមួយនឹងតំបន់ផ្សេងទៀត ដោយទីតាំងខ្លះមានតម្លៃចំនួន៣០ ទៅ៣៥ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។

លោក គាម សៀកឡុង បន្តទៀតថា “នៅពេលដែលមានគម្រោងបុរីទៅច្រើនត្រឹម២ ឬ៥គីឡូម៉ែត្រពីគម្រោងនោះ គឺមានឱកាសចំណេញច្រើនណាស់ ព្រោះមិនយូរមិនឆាប់គម្រោងបុរីនឹងទៅដល់ទីនោះ វាធ្វើឱ្យតម្លៃកើនឡើង។ ធម្មតាគម្រោងបុរី វានឹងបន្តរីកបន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here