លោកហ៊ុន ម៉ានីៈ មតិ “សញ្ញាបត្ររបស់កូនខ្មែរមិនមានតម្លៃដូចប្រទេសផ្សេង” ជាមតិផ្ទាល់ខ្លួនបុគ្គល

0

ដោយៈ សុផារី

ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងថា “សញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសនេះប្រទេសនោះ” ជាមតិផ្ទាល់ខ្លួនរបស់បុគ្គលដែលបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង និងប្រទេសជាតិខ្លួនឯង។

លោកបានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអមដំណើរ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថា “ប្រព័ន្ធអប់រំ យុវជន និងកីឡា ជាពិសេសប្រព័ន្ធអប់រំរបស់យើង មិនដែលមានបញ្ហានោះទេ គឺយើងមានដំណាក់កាលជាបន្តបន្ទាប់ បើទោះ​បីជាមានអ្នកមួយចំនួននិយាយថា សញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសនេះប្រទេសនោះ។

លោកបញ្ជាក់ថា “នេះគឺជាមតិផ្ទាល់ខ្លួន ហើយជាមតិបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង ហើយប្រព័ន្ធនៃប្រទេសជាតិខ្លួនឯង”។លោកបានបន្តថា “ចំពោះខ្ញុំវិញ បើសិនជាប្រព័ន្ធអប់រំយើងមានបញ្ហា ធនធានមនុស្សដែលទ្រទ្រង់ នូវគ្រប់ទិដ្ឋភាពនៃប្រទេសជាតិ សង្គមជាតិ សេដ្ឋកិច្ចទាំងអស់ គឺមិនមែននាំឱ្យកម្ពុជា ឈានឡើងមកដល់ការរីកចម្រើនដូចសព្វថ្ងៃនេះទេ”។

ចំពោះការប្រឡងសញ្ញាប័ត្រនៅក្នុងឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរំពឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងទទួលបានលទ្ធផលល្អប្រសើរច្រើនដោយសារតែសិស្សានុសិស្ស មានឱកាសរៀនបានច្រើន ហើយម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

លោករដ្ឋមន្ដ្រីបានឱ្យដឹងថា សម្រាប់ប្រធានវិញ្ញាសារ គឺនៅរក្សាស្ដង់ដារដដែល ពោលស្ដង់ដារដូចបណ្ដាឆ្នាំកន្លងទៅ ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការកែទម្រង់រឹតបន្ដឹង លើដំណើរការប្រឡងដំបូង ឆ្នាំ២០១៤។ ចាប់ផ្ដើមតាំងពីការធ្វើកំណែទម្រង់ រហូតមកដល់ពេលនេះ នៅពេលប្រឡងសិស្សគោរពវិន័យបានល្អ ទៅតាមបទបញ្ញត្តិ មិនមានករណីណា ដែលសិស្សយកសំណៅឯកសារចូលនោះទេ គឺម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប១២៨.១៣៤នាក់ ស្រី៦៨.៧៧១នាក់។ មណ្ឌលប្រឡងសរុប២២១មណ្ឌល ត្រូវជា៥.១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន២៧.៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here